ចិន៖ បើយោងតាមរបាយការណ៍ថ្មីៗនេះ របស់ទីប្រឹក្សាប្រឹក្សាទីផ្សារ IDCថា ការចេញលក់កុំព្យូទ័រថេប្លេតលើពិភពលោកបានកើនឡើង ២៤,៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំជាមួយនឹងការនាំចេញសរុបចំនួន ៤៧,៦០ លានគ្រឿងនៅត្រីមាសទី ៣ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។
IDC បានឲ្យដឹងថា រដូវកាលវាយលុករបស់មេរោគCOVID-19 បានបង្កើនតម្រូវការលើថេប្លេតសម្រាប់ការងារពីចម្ងាយបើប្រៀបធៀបជាមួយនឹងការកើនឡើងនៃការចំណាយលើផលិតផលបច្ចេកវិទ្យា ការចំណាយរបស់អ្នកប្រើប្រាស់ទៅលើការបរិភោគ ការកម្សាន្ត និងការធ្វើដំណើរបានធ្លាក់ចុះក្នុងកំឡុងពេលមានជំងឺរាតត្បាត។
សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិក Apple ឈរលំដាប់លេខ១ដោយលក់បានរហូតដល់១៣,៩ លានគ្រឿង ចំពោះក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung តាមពីក្រោយក្រុមហ៊ុន Apple ឈរលំដាប់លេខ២ដោយលក់បានរហូតដល់៩,៤លានគ្រឿង ហើយក្រុមហ៊ុន Amazonជាប់លេខ៣លក់បាន៥,៥ លានគ្រឿង។
ចំណែកក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ជាប់លេខ៤លក់បាន៤,៩ លានគ្រឿង និងចុងក្រោយក្រុមហ៊ុន Lenovo លក់បាន ៤,១ លានគ្រឿង៕
ដោយ៖លី ភីលីព

