ក្រុមហ៊ុនផលិតរថយន្តអង់គ្លេស Rolls Royce បានធ្វើឲ្យមនុស្សគ្រប់គ្នា ភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីប្រកាសចេញម៉ូដែលថ្មី ហៅថា Boat Tail ដែលជារថយន្តថ្មីមានតម្លៃថ្លៃបំផុតលើលោក។
រថយន្ត Rolls Royce Boat Tail នេះ ត្រូវបានប្រកាសតម្លៃលក់ ២៨លានដុល្លារ ដោយជំនួសដំណែងរថយន្តថ្មីថ្លៃបំផុតរបស់ Rolls Royce Sweptail ដែលមានតម្លៃខ្លួនត្រឹម ១២,៨លានដុល្លារ។ បើប្រៀបធៀបជាមួយនៃរថយន្តថ្លៃបំផុត របស់ Bugatti វិញ គឺម៉ូដែល Centodieci មានតម្លៃត្រឹម ៩,៧លានដុល្លារប៉ុណ្ណោះ ហើយបើយើងប្រៀបធៀបជាមួយរថយន្ត Lexus LX 570 ស៊េរីឆ្នាំ២០២១ ដែលមានតម្លៃចាប់ពីខ្ទង់ ៨៦ ០០០ដុល្លារ (បរទេស) វិញ គឺអាចទិញបាន ៣២៣គ្រឿងឯណោះ។
សូមបញ្ជាក់ថា រថយន្ត Rolls Royce Boat Tail នឹងត្រូវផលិតត្រឹមតែ ៣គ្រឿងប៉ុណ្ណោះ ហើយវានឹងទទួលបានការកែកុនទៅលើកាប៊ីនខាងក្នុង និងគ្រឿងបរិក្ខាប្រើប្រាស់ ទៅតាមតម្រូវការជាក់ស្តែងរបស់ម្ចាស់វា។
Rolls Royce Boat Tail បានប្រើប្រាស់គ្រោងឆ្អឹង Architecture of Luxury Aluminium Spaceframe ដែលមានប្រើលើម៉ូដែល Phantom ជំនាន់ចុងក្រោយដែរ ហើយវាមានប្រវែងតួខ្លួន ៥,៨ម៉ែត្រ និងបំពាក់ចង្កៀងមុខ LED រាងស្លីម និងចង្កៀងក្រោយរាងកាន់តែស្លីម។
ផ្នែកខាងក្រោយនោះដែរ គឺជាអ្វីដែលពិសេសបំផុត ព្រោះថាវាអាចបើកឡើងដូចស្លាបមេអំបៅ ហើយង្ហាញនូវទូទឹកកក និងកន្លែងដាក់ដប ព្រមទាំងកែវស្រា ដែលក្រុមហ៊ុន Rolls Royce ហៅថា Hosting Suite។
យ៉ាងណាមិញ រថយន្តបើកដំបូលនេះប្រើម៉ាស៊ីនដូចទៅនឹងម៉ូដែល Phantom ដែរ គឺ ចំណុះ ៦,៧៥លីត្រ twin-turbo ទំហំ ១២ស៊ីឡាំង មានកម្លាំង ៥៦៣សេះ៕ប្រភព៖sabay