បច្ចេកវិទ្យា

មិនធម្មតាទេ! ឡាន Rolls-Royce Cullinan ពាសដែកពី Klassen ថ្លៃជាងធម្មតា ៣ដង

Rolls-Royce Cullinan គឺជាកំពូល SUV ដ៏ប្រណីតមួយ ប៉ុន្តែសម្រាប់អ្នកដែលចង់បាន ការការពារកាន់តែខ្លាំងបន្ថែមទៀត ឥឡូវនេះគឺមានជម្រើសហើយ។

ថ្មីៗនេះ ក្រុមហ៊ុន Klassen ដែលជាអ្នកជំនាញកែកុនរថយន្តប្រណីត បង្ហាញចេញនូវ Rolls-Royce Cullinan ពាសដែកថ្មី ដែលមានកម្រិតការពារ BR6 Level ឯណោះ ពោលគឺអាចការពារគ្រាប់កាំភ្លើង និងគ្រាប់បែកដៃផ្ទួនៗគ្នា ២គ្រាប់ទៀតផង។

ក្រុមហ៊ុន Klassen និយាយថា ផ្នែកខាងក្រៅនៃ Rolls-Royce ពាសដែកនេះ មានបំពាក់អាវក្រោះ ដែលមានទម្ងន់ស្រាល ដោយក្នុងនោះរួមមានទាំង ដំបូល និង បាតក្រោម ផងដែរ។ វាក៏បានបំពាក់កញ្ចក់ការពារគ្រាប់, ពង្រឹងត្រចៀកទ្វារ, ពង្រឹងប្រព័ន្ធជើងក្រោម, ប្រើសម្បកកង់ ប្រភេទ Runflat ហើយថែមទាំងមានប្រព័ន្ធបង្ក្រាបអគ្គីភ័យ ទៀតផង។ ថ្វីបើទទួលបានការអាប់ដេតច្រើនបែបនេះមែន ប៉ុន្តែវានៅតែរក្សារូបរាងខាងក្រៅដូច Cullinan ធម្មតាដដែល។

ចំណែកឯផ្នែកខាងក្នុងវិញ SUV ប្រណីតនេះបានបំពាក់ពូកស្បែក ពណ៌ឈាមជ្រូក និងមានពិដាន Starlight ប្រចាំត្រកូលរបស់ Rolls-Royce ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់អ្នកចង់កុម្ម៉ង់រថយន្តពាសដែក ដោយផ្ទាល់ពី Klassen ក៏អាចកែកុនកាប៊ីនខាងក្នុង តាមចំណង់ចំណូលចិត្ត និងតម្រូវការរបស់ពួកគេដែរ។

គួរឲ្យដឹងថា រថយន្ត Rolls-Royce Cullinan ពី Klassen នេះនៅតែប្រើម៉ាស៊ីនដដែល គឺចំណុះ ៦,៧៥លីត្រ twin-turbocharged ទំហំ ១២ស៊ីឡាំង មានកម្លាំង ៥៦៣សេះ និងកម្លាំងរមួល ៨៥០ញ៉ូតុនម៉ែត្រ។ វាត្រូវបានដាក់លក់ ក្នុងតម្លៃខ្ទង់ ៩៦២ ០០០ដុល្លារ ពោលគឺថ្លៃជាងតម្លៃដើម របស់ Rolls-Royce Cullinan ៣ដង ដែលដាក់លក់ត្រឹមតម្លៃ ចាប់ពី ៣៣៥ ០០០ដុល្លារប៉ុណ្ណោះ នៅលើទីផ្សារបរទេស៕ Source: Sabay

Most Popular

To Top