បច្ចេកវិទ្យា

អាល្លឺម៉ង់ ហៅថាមពល នុយក្លេអ៊ែថា ជាគ្រោះថ្នាក់ និងច្រានចោលគម្រោង សហភាពអឺរ៉ុប

បរទេស៖ រដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនចាត់ទុក ថាមពលនុយក្លេអ៊ែថាជាគ្រោះថ្នាក់ និងប្រឆាំងចំពោះសំណើសហភាពអឺរ៉ុប ដែលអនុញ្ញាតឲ្យបច្ចេកវិទ្យានេះ​ នៅតែជាផ្នែកនៃផែនការ របស់សហភាពអឺរ៉ុប សម្រាប់អនាគត មិនប៉ះពាល់ដល់អាកាសធាតុ។

នាពេលបច្ចុប្បន្ននេះ ប្រទេសអាល្លឺម៉ង់ កំពុងតែស្ថិតក្នុងដំណើរការបិទចោល រោងចក្រថាមពលនុយក្លេអ៊ែ ចំនួន៣របស់ខ្លួន នៅចុងឆ្នាំនេះ និងបញ្ឈប់ការប្រើប្រាស់ធ្យូងថ្ម នៅត្រឹមឆ្នាំ២០៣០ ខណៈដែលប្រទេសបារាំង ដែលជាប្រទេសជិតខាង មានបំណងធ្វើទំនើបកម្ម លើរ៉ែអាក់ទ័រដែលមានស្រាប់ និងកសាងរ៉េអាក់ទ័រថ្មី ដើម្បីបំពេញតម្រូវការ ថាមពលអនាគតរបស់ខ្លួន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន ABC News នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ មានផែនការពឹងផ្អែកយ៉ាងខ្លាំងក្លា លើឧស្ម័នធម្មជាតិ រហូតដល់វាអាចផ្លាស់ប្តូរ ជំនួសដោយប្រភពថាមពល គ្មានសារធាតុពុល។

មន្ត្រីនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក Steffen Hebestreit បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងទីក្រុងប៊ែកឡាំងយ៉ាងដូច្នេះថា “យើងចាត់ទុកបច្ចេកវិទ្យានុយក្លេអ៊ែថា ជាគ្រោះថ្នាក់” និងបានធ្វើការកត់សម្គាល់ថា សំនួរចំពោះអ្វីត្រូវធ្វើជាមួយ សំណល់វិទ្យុសកម្ម ដែលនឹងមានរាប់ពាន់ជំនាន់នោះ នៅតែដោះស្រាយមិនបាន៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top