ក្រុមហ៊ុន Toyota បានបញ្ចេញរថយន្តវ៉ែន ២ម៉ូដែល ដែលមានរូបរាងស្រដៀងគ្នា គឺម៉ូដែល Noah និង Voxy ដោយគ្រាន់តែ Voxy មានភាពប្រណិតជាង និងថ្លៃជាងបន្តិច ហើយមានគោលដៅលក់ ទៅក្រុមអតិថិជនផ្សេងគ្នា ។

ផ្នែកខាងមុខ នៃរថយន្តវ៉ែនទាំងពីរ ស្ទើរតែរំលេចទាំងអស់ប៉ាណា បំពាក់ដោយចង្កៀង LED ក្នុងនោះ ម៉ូដែល Voxy មានចង្កៀងមុខដល់ទៅ២ ហើយមានប៉ាណាបែបសំណាញ់ ដែលជួយដល់ការបញ្ចេញកម្តៅ ។ ចំណែកផ្នែកខាងក្រោយ រថយន្ត Noah បំពាក់ចង្កៀង LED ពណ៌ក្រហម ឯរថយន្ត Voxy បន្ថែមដោយឆ្នូតក្រូមេកាត់ពាក់កណ្តាលខាងក្រោយរថយន្តតែម្តង ។
រថយន្តទាំងពីរនេះ មានទំហំប៉ុនគ្នា ដោយមានប្រវែង ៤៦៩៥មម ទទឹង ១៧៣០មម កម្ពស់ខុសគ្នាបន្តិច ពី ១៨៩៥មម ទៅ ១៩២៥មម និងមានប្រវែងពីកង់មុខទៅកង់ក្រោយ ២៨៥០មម។

ផ្នែកខាងក្នុងនៃរថយន្តទាំងពីរ គឺមានកៅអី៣ជួរ ឬស្មើនឹង៨កៅអី ដែលអាចបត់បានដើម្បីដាក់ឥវ៉ាន់។ ដៃចង្កូតមានប៊ូតុងសម្រាប់ចុចបញ្ជា ហើយមានប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៨ ឬ ១០,៥អ៊ីញ ពិសេសមានរន្ធសម្រាប់ដាក់កែវទឹក ត្រូវបានឌីហ្សាញយ៉ាងស្រស់ស្អាតនៅផ្ទៃតាប្លូ។ វាក៏មានអេក្រង់នៅផ្នែកខាងលើ និងប្រព័ន្ធសំឡេងឮច្បាស់ខ្លាំង ដែលធ្វើឱ្យអ្នកដំណើរកាន់តែជក់ចិត្ត។
មិនខុសពីរថយន្ត Toyota ដទៃទៀតនោះទេ រថយន្តវ៉ែន ទាំងពីរបានបំពាក់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ជាមួយនឹង ADAS ចុងក្រោយបំផុត។ លើសពីនេះ វាក៏មានក្តារ Welcab សម្រាប់រុញកៅអីជនពិការឡើង ចុះរថយន្តផងដែរ។

រថយន្តវ៉ែនទាំងពីរ ប្រើម៉ាស៊ីនសាំង Dynamic Force ចំណុះ ២លីត្រ រត់ប៉ុង២ ជាមួយប្រអប់លេខ Direct Shift-CVT ១០វគ្គ ។ វាក៏មានជម្រើសប្រើម៉ាស៊ីន Hybrid ចំណុះ ១,៨លីត្រ ផងដែរ ។

ក្រុមហ៊ុន Toyota បានដាក់លក់រថយន្តទាំងពីរជាផ្លូវការ ក្នុងប្រទេសជប៉ុន ចាប់ពីខែមករានេះតទៅ ដោយម៉ូដែល Noah មានតម្លៃចាប់ពី ២៣ ៣០៧ ដល់ ៣៣ ៩៥៧ដុល្លារ គ្រោងលក់ឱ្យបាន ៨១០០គ្រឿង/១ខែ និងម៉ូដែល Voxy ថ្លៃជាងបន្តិច មានតម្លៃចាប់ពី ២៦ ៩៧៥ ដល់ ៣៤ ៥៧០ដុល្លារ គ្រោងលក់ឱ្យបាន ៥៤០០គ្រឿង/១ខែ ៕
