ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ថា កូរ៉េខាងជើង បានធ្វើតេស្ដបាញ់សាកល្បង សម្រាប់ការកែសម្រួលប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ និងការបាញ់សាកល្បង សម្រាប់ការបញ្ជាក់ពីថាមពល នៃការបំពាក់ក្បាលគ្រាប់ធម្មតា សម្រាប់បាញ់ចេញពីលើដីគោក ។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ ហៅកាត់ (KCNA) បានរាយការណ៍នៅព្រឹកថ្ងៃសុក្រ ម៉ោងក្នុងស្រុក ។
របាយការណ៍បានឲ្យដឹងថា ការធ្វើតេស្តត្រូវបានធ្វើឡើងដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិ ។
យោងតាមទីភ្នាក់ងារ KCNA បានឱ្យដឹងថា នៅក្នុងការបាញ់សាកល្បងសម្រាប់ការកែសម្រួលប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយកាលពីថ្ងៃអង្គារ ម៉ោងក្នុងស្រុក គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយចំនួន២គ្រាប់បានហោះតាមគន្លងហោះហើរលើសមុទ្រខាងកើតនៃប្រទេសកូរ៉េខាងជើង ឆ្ពោះទៅកាន់កោះដែលជាគោលដៅ ។
របាយការណ៍បានឲ្យដឹងថា នៅក្នុងការបាញ់សាកល្បងសម្រាប់ការបញ្ជាក់ពីថាមពលនៃការបំពាក់ក្បាលគ្រាប់ធម្មតាសម្រាប់មីស៊ីលយុទ្ធសាស្ត្រពីដីទៅដីគោកកាលពីថ្ងៃព្រហស្បតិ៍ ម៉ោងក្នុងស្រុក “មីស៊ីលយុទ្ធសាស្ត្រ២គ្រាប់បានវាយប្រហារយ៉ាងជាក់លាក់ទៅលើកោះជាគោលដៅ” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា