បច្ចេកវិទ្យា

ក្រុមហ៊ុន GM និង Honda គ្រោងនឹងសហការបង្កើត រថយន្តអគ្គិសនីមានតម្លៃសមរម្យ

DETROIT៖យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន General Motors និងក្រុមហ៊ុន Honda គ្រោងនឹងសហការគ្នាបង្កើតរថយន្តអគ្គិសនី មានតម្លៃ សមរម្យដោយនឹងប្រើប្រាស់បច្ចេកវិទ្យាថ្ម Ultium ជំនាន់ក្រោយរបស់ពួកគេទំាង២។

រថយន្តដែលនឹងរួមបញ្ចូលទាំងប្រភេទ Crossover តូចត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមលក់នៅអាមេរិកខាងជើងនាឆ្នាំ ២0២៧។ លោក Doug Parks អនុប្រធានប្រតិបត្តិ GM នៃការអភិវឌ្ឍន៍ផលិតផលសកល ការទិញ និងខ្សែសង្វាក់ផ្គត់ផ្គង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផែនការនេះដើម្បីផលិតរថយន្តអគ្គិសនី ដែលមានតម្លៃទាបជាង Chevrolet Equinox EV នាពេលខាងមុខ។

ក្រុមហ៊ុន GM និង Honda បានចាប់ដៃគូដោយជោគជ័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ កាលឆ្នាំ ២0១៣ ក្រុមហ៊ុនបានចាប់ផ្តើមធ្វើការរួមគ្នាលើការសហការបង្កើតប្រព័ន្ធកោសិកាឥន្ធនៈ ជំនាន់ក្រោយ និងបច្ចេកវិទ្យាស្តុកអ៊ីដ្រូសែន។ កាលឆ្នាំ ២0១៨ ក្រុមហ៊ុន Honda និង GM បានប្រកាសថា ពួកគេនឹងសហការគ្នាបង្កើតអាគុយសម្រាប់រថយន្តអគ្គិសនីភាគច្រើនសម្រាប់ទីផ្សារអាមេរិកខាងជើង។ ក្រុមហ៊ុនទាំង២បាននិយាយ នៅពេលនោះថា ពួកគេនឹងសហការដោយផ្អែកលើប្រព័ន្ធថ្មជំនាន់ក្រោយរបស់ GM ។

កាលពីឆ្នាំមុនក្រុមហ៊ុនបានប្រកាសថា ក្រុមហ៊ុន GM នឹងផលិតរថយន្ត Honda SUV មួយគ្រឿង និងរថយន្ត Acura SUV មួយគ្រឿងដោយប្រើស្ថាបត្យកម្មរថយន្តអគ្គិសនីម៉ាក Ultium និងប្រព័ន្ធអាគុយ។ ក្រុមហ៊ុនបាននិយាយនៅពេលនោះថា Honda SUV នឹងត្រូវដាក់ឈ្មោះថា Prologue ហើយរថយន្ត SUV ទាំង២នឹងមានតួខ្លួន ផ្នែកខាងក្នុង និងលក្ខណៈនៃការបើកបរ រចនាដោយក្រុមហ៊ុន Honda ។ ប៉ុន្តែក្រុមហ៊ុន Honda ក៏បាននិយាយកាលពីខែមិថុនាថា ខ្លួនគ្រោងនឹងផលិតរថយន្តអគ្គិសនីដោយខ្លួនឯងនៅចុងទសវត្សរ៍នេះ៕ ដោយ៖លី ភីលីព

Most Popular

To Top