ម៉ាឡេស៊ី ៖ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេស ម៉ាឡេស៊ី និងកម្ពុជា, ក្រសួងទេសចរណ៍ សិល្បៈ និង វប្បធម៌ម៉ាឡេស៊ី តាមរយៈស្ថាប័ន Tourism Malaysia បានអញ្ជើញអ្នក សារព័ត៌មាន របស់អង្គភាពព័ត៌មាន DAP News ពីប្រទេសកម្ពុជា ឱ្យចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយ ទេសចរណ៍ខ្នាតធំ «Malaysia Mega Familiarisation Programme 2026» ដើម្បីផ្សព្វផ្សាយអំពីពិធីបុណ្យវប្បធម៌ និងតំបន់ទេសចរណ៍សំខាន់ៗ។

កម្មវិធីនេះប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ ក្នុងគោលបំណងបង្ហាញពី ភាពសម្បូរបែប នៃវប្បធម៌ និងយុទ្ធនាការ «Visit Malaysia 2026» ដល់ប្រជាជននៃបណ្ដាប្រទេសនានា។ អ្នកសារព័ត៌មានដើមអម្ពិល បានចូលរួមជាមួយ ក្រុមអ្នកបង្កើតមាតិកា (Content Creators) និងអ្នកសារព័ត៌មាន អន្តរជាតិផ្សេងៗ ដូចជា ចិន តៃវ៉ាន់ ឥណ្ឌូនេស៊ី វៀតណាម ឡាវ ជាដើម ដើម្បីជួបបទពិសោធន៍ ផ្ទាល់នៃព្រឹត្តិការណ៍ធំៗពីរ គឺ «Night Splash Water Festival» និងពិធីបុណ្យប្រពៃណី «Vaisakhi Festival»។

ដំណើរកម្សាន្តនេះបានចាប់ផ្តើមជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អគ្គនាយកនៃស្ថាប័ន Tourism Malaysia នៅសណ្ឋាគារ ibis Kuala Lumpur City Centre។ ក្នុងអំឡុងពេលនៃកម្មវិធីនេះ គណៈប្រតិភូអ្នកសារព័ត៌មាននឹងទៅទស្សនាទីតាំងទេសចរណ៍ជាច្រើន រួមមានសួនទឹក SplashMania នៅតំបន់ Gamuda Cove និងតំបន់ប្រវត្តិសាស្ត្រក្នុងរដ្ឋ Negeri Sembilan ដូចជា សារមន្ទីរយោធាធំបំផុតក្នុងប្រទេសម៉ាឡេស៊ី និងវិហារ Centipede Temple ជាដើម។

ចំណុចពិសេសនៃបេសកកម្មនេះ គឺការចូលរួមក្នុងពិធីបុណ្យ «Vaisakhi Fest 2026» នៅមជ្ឈមណ្ឌលទេសចរណ៍ម៉ាឡេស៊ី (MaTiC)។ ព្រឹត្តិការណ៍នេះបានបង្ហាញពីប្រពៃណីដ៏រស់រវើករបស់សហគមន៍ Sikh ក្នុងប្រទេសម៉ាឡេស៊ី តាមរយៈការសម្តែងសិល្បៈវប្បធម៌ និងការទទួលទានអាហារសប្បុរសធម៌ «Langar» ដែលឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងបដិសណ្ឋារកិច្ចដ៏ល្បីល្បាញរបស់ម៉ាឡេស៊ី។

សូមបញ្ជាក់ថា តាមរយៈការចូលរួមនេះ អង្គភាពព័ត៌មាន DAP News មានគោលបំណងនាំយកព័ត៌មាន និងរូបភាពជាក់ស្តែងនៃផលិតផលទេសចរណ៍ថ្មីៗរបស់ម៉ាឡេស៊ីមកជូនមិត្តអ្នកអានក្នុងប្រទេសកម្ពុជា ដើម្បីជំរុញទំនាក់ទំនងទេសចរណ៍រវាងប្រទេសជិតខាងក្នុងតំបន់អាស៊ានទាំងពីរឱ្យកាន់តែស្អិតរមួត៕


























