ភ្នំពេញ ៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ តំណាងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នេះបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ បញ្ញត្តិទូទៅ និងបទបញ្ជបច្ចេកទេស ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលប្រពឹ្រត្តិទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញលើ ១២ ប្រភេទកីឡារៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាបានសហការការងារបច្ចេកទេសជាមួយសហព័ន្ធកីឡាជាតិទាំង១២។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡា សិស្សបឋមសិក្សា ឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស របស់ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាបានសហការការងារបច្ចេកទេសជាមួយសហព័ន្ធកីឡាជាតិទាំង១២ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅភ្នំពេញ លើ ១២ ប្រភេទកីឡារួមមាន កីឡាបាល់ទាត់ បាល់បាល់ទះ បាល់បាល់បោះ អត្តពលកម្ម ប៉េតង់ វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូ WT តេក្វាន់ដូ ITF ការ៉ាតេ ហែលទឹក និងគុនដាវ ។
ការប្រកួតខាងលើកនេះមានប្រតិភូកីឡាដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីមកពី ៤៧ គ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស សរុបប្រមាណ ១៨០០នាក់ ប្រកួតលើ ១០០ វិញ្ញាសា។

លោកប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ បានបន្តថា ការប្រកួតកីឡាថ្នាក់ជាតិ ឆ្នាំ២០២៦ នេះធ្វើឡើងក្នុងគោល បំណងបំផុស សកម្មភាពអប់រំកាយ និង កីឡា នៅក្នុងគ្រឹះស្ថានសិក្សា និងនៅតាមរាជធានីខេត្ត និងជួយឲ្យសិស្សានុសិស្ស មានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសំដៅដណ្ដើមបានលទ្ធផលល្អប្រ សើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា ។ លើកទឹកចិត្តដល់អ្នកលេងកីឡា និង អ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើស បានជាកីឡាករ-កីឡាការិនីថ្នាលល្អៗ ចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ ត្រៀមលក្ខណៈចូលរួម ការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា។ បង្កលក្ខណៈឲ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នាក្នុងសង្គម ។

លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិត្រូវរៀបចំឲ្យតាមអនុលោម អន្តរជាតិ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN University Games) លើកទី២៣ ឆ្នាំ២០២៨ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានឯកភាព និងយល់ព្រមអនុញ្ញាត ជាគោលការណ៍ឲ្យក្រសួងអប់រំ យុវជន និងកីឡា ទទួលធ្វើម្ចាស់ផ្ទះការប្រកួតនេះ៕







