រថយន្ត Ferrari 296 GTB ត្រូវបានដាក់លក់ជាផ្លូវការហើយនៅក្នុងប្រទេសថៃ ដែលមានតម្លៃ ២១,៩លានបាត ឬជាង ៦៥ម៉ឺនដុល្លារ។

វាជារថយន្តដំបូងរបស់ Ferrari ដែលប្រើម៉ាស៊ីន V6 Plug-in Hybrid។ ឈ្មោះ 296 GTB ជាការផ្សំគ្នាមកពីចំណុះម៉ាស៊ីន 2992cc ហើយលេខ6 សំដៅលើស៊ីឡាំង៦ ចំណែកអក្សរ GTB ជាពាក្យកាត់មកពី Gran Turismo Berlinetta ដែលជាការបើកទ្វារចំពោះយុគសម័យថ្មីមួយនៃការប្រើម៉ាស៊ីន V6 ជាមួយនឹងបទពិសោធន៍ជាង ៧០ឆ្នាំមកនេះ។

ម៉ាស៊ីន V6 របស់រថយន្ត Supercar នេះ ផលិតបានកម្លាំង ៦៦៣សេះ និងម៉ូទ័រភ្លើងដែលបន្ថែមកម្លាំង ១៦៧សេះទៀត ដោយអាចជាន់ស្ទុះពី ០ ដល់ ១០០គីឡូម៉ែត្រក្នុង១ម៉ោង ប្រើពេលតែ ២,៩វិនាទី និងអាចជាន់កប់ដល់ល្បឿនអតិបរមា ៣៣០គីឡូម៉ែត្រក្នុង១ម៉ោង។ ប្រសិនបើអស់សាំង វាក៏អាចបើកក្នុង Mode អគ្គិសនី (eDrive) បានចម្ងាយ ២៥គីឡូម៉ែត្រទៀតផង។

ការឌីហ្សាញរថយន្តនេះ មិនមានអ្វីខុសប្លែកណាស់ណាពី Supercar របស់ Ferrari ផ្សេងទៀតនោះទេ គ្រាន់តែបន្ថែមចំណុចមួយចំនួន រួមទាំងអំពូល Daytime running light ធ្វើជានិមិត្តសញ្ញារបស់រថយន្ត៕


