Alabama ៖យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ប្រភេទសត្វត្រីបាឡែនស៊ីសាច់ជាអាហារដែលទើបនឹងរកឃើញនោះ បានរស់នៅកំឡុងសម័យ Eocene Epoch (៥៦ ទៅ ៣៣.៩ លានឆ្នាំមុន) ជាសម័យកាលដែលមានកម្រិតទឹកសមុទ្រឡើងខ្ពស់ ហើយតំបន់ Alabama សព្វថ្ងៃត្រូវបានជន់លិចដោយមហាសមុទ្ររាក់។
ក្មេងស្រីសិស្សសាលាម្នាក់មកពីរដ្ឋ Alabama ថ្មីៗនេះ បានរកឃើញលលាដ៍ក្បាលត្រីបាឡែនបុរាណដ៏ធំសម្បើម ខណៈពួកគេកំពុងជីកកកាយដីរបស់គ្រួសារនាង។ ក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅ ក្មេងស្រីសិស្សសាលា Lindsey Stallworth រួមជាមួយគ្រូវិទ្យាសាស្ត្ររបស់នាងឈ្មោះ លោក Drew Gentry បានធ្វើការជីកកកាយនៅផ្ទះឈើរបស់គ្រួសារ Stallworth ក្នុងតំបន់ Monroe រដ្ឋ Alabama ។
បន្ទាប់ពីការស្វែងរកបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ពួកគេបានជំពប់ដួលលើឆ្អឹងដ៏ធំមួយនេះ។
ដើមដំបូងក្នុងការជីកកកាយតំបន់នេះ ដោយពួកគេបានឃើញហ្វូស៊ីលធ្មេញត្រីឆ្លាមដោយនាង Stallworth នាំយកមកថ្នាក់រៀនកាលពីឆ្នាំមុន។ នាងបានរកឃើញធ្មេញបែបនេះតាំងពីនាងមានអាយុ ៧ ឆ្នាំ ។
នេះបើតាមលោកគ្រូបាននិយាយថា ដំបូងឡើយ ពួកគេមានគំនិតតិចតួចណាស់នូវអ្វីដែលពួកគេបានរកឃើញ លើកលែងតែវាជាសត្វឆ្អឹងខ្នងដ៏ធំមួយនោះ ដោយមានការគាំទ្រផ្នែកព័ត៌មានពីការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក និងការស្ទាបស្ទង់ភូមិសាស្ត្រ នៃរដ្ឋ Alabama កំណត់អាយុបឋម នៃការរកឃើញត្រូវបានបង្កើតឡើង។ ដោយ៖លី ភីលីព