ព័ត៌មានជាតិ

វៀតណាម-កម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន និងសេដ្ឋកិច្ចឌីជីថល

ភ្នំពេញ៖ ក្នុងគោលបំណងតភ្ជាប់ គាំទ្រ និងបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ធុរកិច្ចវៀតណាម ក្នុងការស្វែងរកដៃគូពាណិជ្ជកម្មនិងវិនិយោគ តភ្ជាប់សហគមន៍ធុរកិច្ចនៅកម្ពុជា នារសៀលថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ស្ថាប័នពាណិជ្ជកម្មវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនិងសមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) បានរៀបចំវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគវៀតណាម-កម្ពុជា ក្រោមប្រធានបទ «បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន និងសេដ្ឋកិច្ចឌីជីថល»។ នេះជាវេទិកាជំរុញពាណិជ្ជកម្មលើកដំបូងគេបង្អស់ដែលរៀបចំឡើងដោយ VCBA នៅព្រះរាជាណាចក្រកម្ពុជា ដោយមានការសម្របសម្រួល សហការជាមួយដៃគូពាក់ព័ន្ធផ្សេងៗ។

វេទិកានេះបានទាក់ទាញគណៈប្រតិភូជាង ១៤០ នាក់ដែលជាថ្នាក់ដឹកនាំ អ្នកជំនាញ អ្នកគ្រប់គ្រងនិងសហគមន៍ធុរកិច្ចអញ្ជើញមកពីប្រទេសទាំងពីរ ដូចជាក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម គណៈប្រតិភូធុរកិច្ចខេត្ត ដុងថាប់ ក្រសួងពាណិជ្ជកម្មកម្ពុជា គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សភាពាណិជ្ជកម្មកម្ពុជា (CCC)។ល។ ក្នុងចំណោមប្រតិភូទាំងនោះ មានជាង ១០០ នាក់ដែលជាពាណិជ្ជករនិងជាអ្នកដឹកនាំអាជីវកម្មសមាជិកនៃ VCBA និង CCC និងសហគមន៍ធុរកិច្ចនៃប្រទេសវៀតណាម និងកម្ពុជា។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) បានអញ្ជើញចូលរួម និងថ្លែងមតិក្នុងពិធីបើកវេទិកានេះ។

អញ្ជើញថ្លែងក្នុងពិធីបើកវេទិកា ឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមសហព័ន្ធធុរកិច្ចវៀតណាមនៅកម្ពុជា បានគូសបញ្ជាក់ថា វេទិកាជំរុញពាណិជ្ជកម្មនិងវិនិយោគ វៀតណាម-កម្ពុជា នឹងជួយឱ្យអ្នកវិនិយោគនៃប្រទេសទាំងពីរចាប់យកឱកាសស្វែងយល់អំពីគោលនយោបាយ និងស្វែងរកដៃគូសមស្របរបស់ខ្លួន។ វេទិកានេះក៏នឹងផ្សារភ្ជាប់អាជីវកម្ម បង្កើតស្ពានទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញការវិនិយោគក្នុងតំបន់ និងវិស័យមានសក្ដានុពល រួមដំណើរជាមួយក្រុមហ៊ុន សហគ្រាស ក្នុងការផ្លាស់ប្តូរឌីជីថល ទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង។

ឧកញ៉ាប្រធានសមាគមសហព័ន្ធធុរកិច្ចវៀតណាមនៅកម្ពុជាសង្ឃឹមថាវេទិកានេះនឹងទទួលបានជោគជ័យ បង្កើតបានជាលទ្ធផលជាក់ស្តែង រួមចំណែកធ្វើឱ្យទំនាក់ទំនងសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមកាន់តែអភិវឌ្ឍន៍ឈានឡើងថែមមួយកម្រិតទៀត។ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា តែងតែត្រូវបានពូនជ្រុំ និងអភិវឌ្ឍន៍ជាបន្តបន្ទាប់។ ហើយប្រទេសទាំងពីរ នៅតែបន្តមានទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មបំពេញឱ្យគ្នាទៅវិញទៅមក។

ចំណែកឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសេដ្ឋកិច្ចឌីជីថលជាគោលដៅសំខាន់មួយសម្រាប់លើកកម្ពស់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ សម្រាប់អាណត្តិ ២០២៣-២០២៨។ ចាប់តាំងពីឆ្នាំ ២០២១ មក ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិកម្ពុជាបានចេញគោលនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជាតិសម្រាប់រយៈពេល ២០២១-២០៣៥ ដើម្បីបង្កើតជាច្រកចេញស្របច្បាប់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នៅកម្ពុជា។

ឯកឧត្តម ជា វុទ្ធី បានគូសបញ្ជាក់ថា «ទៅថ្ងៃមុខយើងនឹងមើលឃើញថា ការទិញលក់នៅតាមបណ្ដាហាង និងក្រុមហ៊ុន ដោយផ្ទាល់នឹងមាននិន្នាការថយចុះ ដូច្នេះការពង្រឹងទំនាក់ទំនងនៃប្រទេសយើងទាំងពីរក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថលនេះ គឺជាកិច្ចការងារដែលមិនអាចខ្វះបាន»។

ថ្លែងក្នងវេទិកានេះ ឯកអគ្គរដ្ឋទូត ង្វៀន ហ៊ុយ តាំង បានសង្កត់ធ្ងន់ថា ការប្រារព្វធ្វើវេទិកានេះដោយយកប្រធានបទ «បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថល» សម្រាប់ការពិភាក្សាគឺត្រឹម្រូវនិងមានអត្ថន័យបំផុត ក្នុងបរិបទដែលរដ្ឋាភិបាលវៀតណាម និងកម្ពុជាកំពុងផ្តោតការយកចិត្តទុកដាក់លើការជំរុញការអភិវឌ្ឍន៍មូលដ្ឋានគ្រឹះនិងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។

នេះជាវេទិកាដ៏មានអត្ថន័យដែលជួយធុរកិច្ច និងអ្នកវិនិយោគនៃប្រទេសទាំងពីរបានស្វែងយល់អំពីការវិនិយោគនិងឱកាសអាជីវកម្មក្នុងទីផ្សាររបស់ប្រទេសនីមួយៗ ក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថល ដោយរួមចំណែកជំរុញពាណិជ្ជកម្មអន្តរជាតិនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនរវាងប្រទេសវៀតណាមនិងកម្ពុជានាពេលខាងមុខ។

វាយតម្លៃលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថលជារួម ឯកអគ្គរដ្ឋទូត ង្វៀន ហ៊ុយ តាំង បានឲ្យដឹងថា ទាំងរដ្ឋាភិបាលវៀតណាមនិងកម្ពុជាមានចំណាប់អារម្មណ៍ក្នុងការលើកកម្ពស់វិស័យនេះ ក៏ដូចជា សកម្មគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការបញ្ចប់ការចរចារលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីសេដ្ឋកិច្ចឌីជីថលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ទាំងនេះគឺជាមូលដ្ឋានគ្រឹះនិងលក្ខខណ្ឌអំណោយផលដែលមានសារៈសំខាន់សម្រាប់ប្រទេសវៀតណាមនិងប្រទេសកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែននិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលនាពេលខាងមុខ។ បើតាមប្រសាសន៍ឯកអគ្គរដ្ឋទូត ង្វៀន ហ៊ុយ តាំង រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសេដ្ឋកិច្ចឌីជីថល ជាគោលដៅសំខាន់មួយសម្រាប់លើកកម្ពស់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ សម្រាប់អាណត្តិ ២០២៣-២០២៨។

ចាប់តាំងពីឆ្នាំ ២០២១ មក ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិកម្ពុជាបានចេញគោលនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជាតិសម្រាប់រយៈពេល ២០២១-២០៣៥ ដើម្បីបង្កើតជាច្រកចេញស្របច្បាប់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នៅកម្ពុជា។

នៅខែ មិថុនា ឆ្នាំ ២០២៣ កម្ពុជាបានបង្កើតអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រៅពីនោះ វិស័យពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនរបស់កម្ពុជា ក៏ផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ប្រទេសជិតខាងនិងអាស៊ាន ដើម្បីទាញយកអត្ថប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្ម 4.0 និងនិន្នាការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងនិន្នាការអភិវឌ្ឍនៃវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនៅលើពិភពលោក។

ចំណែកនៅប្រទេស វៀតណាម សេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមានការកើនឡើងដ៏ច្រើននៃផលធៀបក្នុងផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស ដែលក្នុងនោះ ពាណិជ្ជកម្មអេឡិចត្រូនិកគឺជាវិស័យត្រួសត្រាយផ្លូវនៃសេដ្ឋកិច្ចឌីជីថលរបស់វៀតណាម។ របាយការណ៍សន្ទស្សន៍ពាណិជ្ជកម្មអេឡិចត្រូនិក វៀតណាមឆ្នាំ ២០២៤ របស់សមាគមពាណិជ្ជកម្មអេឡិចត្រូនិក វៀតណាម បានឲ្យដឹងថា អត្រាកំណើនប៉ាន់ស្មាននៃពាណិជ្ជកម្មអេឡិចត្រូនិក វៀតណាម នៅឆ្នាំ ២០២៣ គឺលើសពី ២៥ ភាគរយបើធៀបនឹងឆ្នាំមុន ហើយឈានដល់ ២៥ ពាន់លានដុល្លារ។ ក្នុងនោះ ទំហំនៃការលក់រាយតាមអ៊ីនធឺណិតបានឈានដល់ ១៧,៣ ពាន់លានដុល្លារ។ ជាមួយនឹងអត្រាកំណើននេះ វៀតណាម គឺជាប្រទេសដែលរីកចម្រើនលឿនបំផុតនៅអាស៊ីបូព៌ា និងក្នុងចំណោមប្រទេសទាំង ១០ ដែលមានកំណើនលឿនបំផុតនៅលើពិភពលោក …។

បន្ទាប់ពីវេទិកាបើកខាងលើ គណៈប្រតិភូដែលចូលរួមវេទិកាបានស្វែងយល់អំពីទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែននិងសេដ្ឋកិច្ចឌីជីថលរវាង វៀតណាម និង កម្ពុជា តាមរយៈបទបង្ហាញ «ការអនុវត្តនិងគោលនយោបាយអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថលនៅ វៀតណាម», «សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាង វៀតណាម និង កម្ពុជាក្នុ ងបរិបទនៃការអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន», «ការបំពេញក្របខ័ណ្ឌច្បាប់ស្តីពីការលើកទឹកចិត្តពាណិជ្ជកម្មទ្វេភាគី វៀតណាម – កម្ពុជា» និង «ស្ថានភាពនៃការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា» ដែលបានបង្ហាញដោយអ្នកជំនាញនិងអ្នកគ្រប់គ្រងឈានមុខក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថលនៃប្រទេសទាំងពីរ។

ក្នុងក្របខ័ណ្ឌនៃវេទិកានេះ ក៏មានកម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់អង្កររវាង ក្រុមហ៊ុនរោងចក្រម៉ាស៊ីនកិនស្រូវ Kon Khmer Co., Ltd ដែលជាសហគ្រាសក្នុងស្រុក ជាមួយក្រុមហ៊ុននិងអាជីវកម្មវៀតណាមមួយចំនួនដែលកំពុងប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីនោះ ក៏មានសកម្មភាពជំរុញនិងទំនាក់ទំនងពាណិជ្ជកម្មរវាងសហគ្រិនមកពី VCBA, CCC និងសហគមន៍ធុរកិច្ចវៀតណាម-កម្ពុជា៕

ដោយ៖ សុខ វិសាល

Most Popular

To Top