ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅអន្តរាគមន៍ជួយសង្គ្រោះ ដែលបានលិចទូកកន្ទុយវែងដឹកគ្រឿងសំណង់មួយគ្រឿង នៅចំណុចចន្លោះក្រុងព្រះសីហនុ និងកោះរ៉ុង ប្រហែល ៨ម៉ៃ ពីក្រុងព្រះសីហនុ នាយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៌ឲ្យដឹងថា ជនរងគ្រោះនៅលើទូកខាងលើមានតែម្នាក់នោះទេ ក្រោយកើតហេតុ គាត់បានហែលទឹកកណ្តាលសមុទ្រ និងត្រូវបានក្រុមការងាររបស់អ្នកឧកញ៉ាជួយសង្គ្រោះ នាំមកកាន់ដីគោកដោយសុវត្ថិភាព។
ជនរងគ្រោះ មានឈ្មោះ សុខ ធី អាយុ ៤៨ឆ្នាំ រស់នៅម្តុំកោះព្រាប ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។
តាមការរៀបរាប់របស់ជនរងគ្រោះបញ្ជាក់ថា មូលហេតុដែលនាំឲ្យលិចទូក គឺបណ្តាលមកពីឧបករណ៏បូមទឹករបស់មាស៊ីនទូកខូច ទើបបណ្តាលឲ្យទឹកចូលទូកលិចតែម្តង។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព មិនប៉ះពាល់ដល់អាយុជីវិតនោះទេ៕











