ខេត្តកែប៖ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ លោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា ជាតំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញចូលរួមកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីមនុស្សធម៌ កិច្ចការសង្គម និងអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមមូលបទ “មួយជីវិត មិនប្រព្រឹត្តការសេពគ្រឿងញៀន” ដែលរៀបចំដោយ ស.ស.យ.ក. វិស័យមហាផ្ទៃ នៅទឹកដីខេត្តកែប។

រត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីមនុស្សធម៌ក្រោមប្រធានបទ “មួយជីវិតមិនប្រព្រឹត្តការណ៍ សេពគ្រឿងញៀន” នៅខេត្តកែប ដើម្បីអបអរសាទរទិវានារីអន្តរជាតិ ៨ ខែមីនា ខួបលើកទី១១៤ និងកៀរគរប្រមូល ថវិកាទៅជួយជនងាយរងគ្រោះ មន្ទីរពេទ្យ កុមារកំព្រា ក្រោមគំនិតផ្តួចផ្តើមក្រុមការងារ ស.ស.យ.ក. ក្នុងវិស័យមហាផ្ទៃ ។ រត់ពាក់កណ្តាលម៉ារ៉ាតុង មានគោល បំណងចំនួន ៥ ចំណុចធំរួមមាន ចូលរួមជាមួយរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន លើកកម្ពស់កីឡា សង្គម និងសុខភាព ផ្សារភ្ជាប់ជាមួយមហាជនគ្រប់ស្រទាប់វណ្ណៈ និងមជ្ឈដ្ឋាន លើកកម្ពស់ និង ផ្សព្វផ្សាយវិស័យទេសចរណ៍ ទូទំាងខេត្តកែប និងកៀរគរមូលនិធិជួយ ដល់ប្រជាជនងាយ រងគ្រោះ ។

រត់ប្រណាំងនេះកំពុងទទួលបានការ ចូលរួមគាំទ្រពីបងប្អូនប្រជាពលរដ្ឋ បង្ហាញពីការយកចិត្តទុកដាក់លើបញ្ហាសុខភាពសាធារណៈ និងសុខភាពផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ។ ការខិតខំប្រឹងប្រែងរៀបចំរត់ប្រណាំងនេះ គ្មានអ្វីក្រៅពីជួយដល់ សង្គមជាតិរបស់យើង និងជួយឲ្យមានគុណភាពជីវិត កាន់តែប្រសើរឡើងបន្ថែមទៀត។ សកម្មភាពកីឡា ជាពិសេសគឺការរត់ប្រណាំងនេះ ជួយដល់សមត្ថភាព គុណភាពបេះដូងកាន់តែល្អ ដោយអ្នកចូលរួមរត់ប្រណាំងនេះ នឹងទទួលបានអត្ថប្រយោជន៍ សម្រាប់ជីវិត របស់ពួកគាត់កាន់តែល្អ។


ការចូលរួមសហការផ្សព្វផ្សាយរបស់បងប្អូន ជាចំណែកយ៉ាងសំខាន់ក្នុងការជួយដល់សង្គមយើងក្នុងការជំរុញវិស័យកីឡា លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងទេសចរណ៍របស់យើងឲ្យកាន់តែរីកចម្រើនឡើង ព្រោះអ្វីដែល ជាគោលបំណងសំខាន់ នៃការរៀបចំកម្មវិធីរត់ពាក់ កណ្តាលម៉ារ៉ាតុង នៅខេត្តកែប នាថ្ងៃទី៨ មីនា ឆ្នាំ២០២៥ ខាងមុខនេះ គឺដើម្បីកៀរគរប្រមូលថវិកា តាមរយៈការចុះ ឈ្មោះរត់ម៉ារ៉ាតុង យកទៅ ជួយជន ងាយរងគ្រោះ មន្ទីរពេទ្យ កុមារកំព្រាតាមលទ្ធភាព ដែលទទួលបាន៕
ដោយ៖ លី ភីលីព
