ព័ត៌មានជាតិ

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ការងារ សង្គមដ៏មានកិត្យានុភាព ប្រចាំប្រទេសកម្ពុជា ៥ ឆ្នាំជាប់ៗគ្នា

ភ្នំពេញ ៖ ណាហ្គាវើលដ៍ ជាថ្មីម្តងទៀត ត្រូវបានទទួលស្គាល់ស្នាដៃ ចំពោះការងារទំនួលខុសត្រូវ សង្គមឆ្នើមដោយទទួល បានពានរង្វាន់ ដ៏មានកិត្យានុភាពចំនួន ២ នៅឯ “សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គម សកល បរិស្ថាន សង្គម និងអភិបាល កិច្ចលើកទី១៧ ប្រចាំឆ្នាំ២០២៥” ។ សម្រាប់ឆ្នាំទី៥ ជាប់ៗគ្នា ណាហ្គាវើលដ៍មានកិត្តិយស ដែលបានឈ្នះពាន រង្វាន់ប្លាទីនីម ឆ្នើមប្រចាំប្រទេសកម្ពុជា នៅក្នុងផ្នែក “ឧត្តមភាពល្អបំផុតប្រចាំប្រទេស” (សម្រាប់ក្រុមហ៊ុន ដែលមានមូលធន ទីផ្សារចាប់ពី ១ ប៊ីលានដុល្លារអាម៉េរិក)។ ណាហ្គាវើលដ៍ ក៏បានឈ្នះពានរង្វាន់ប្រាក់នៅក្នុងផ្នែក “កម្មវិធីសហគមន៍ល្អបំផុត” ផងដែរ ។

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ប្លាទីនីម “ឆ្នើមប្រចាំប្រទេសកម្ពុជា” នៅក្នុងផ្នែក “ឧត្តមភាពល្អបំផុតប្រចាំប្រទេស” (សម្រាប់ក្រុមហ៊ុន ដែលមានមូលធនទីផ្សារចាប់ពី ១ ប៊ីលានដុល្លារអាម៉េរិក) និងឈ្នះពានរង្វាន់ប្រាក់នៅក្នុងផ្នែក “កម្មវិធីសហគមន៍ល្អបំផុត” នៅឯ “សន្និបាត និងពិធីប្រគល់ពានរង្វាន់ ការងារសង្គមសកល បរិស្ថាន សង្គម និងអភិបាលកិច្ចលើកទី១៧ ប្រចាំឆ្នាំ២០២៥”

ពានរង្វាន់ទាំងនេះ បញ្ជាក់អំពីភាពជាអ្នកដឹកនាំ របស់ណាហ្គាវើលដ៍នៅក្នុងទំនួលខុសត្រូវ ការងារសង្គមដែលបង្ហាញ អំពីការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន ដើម្បីការអភិវឌ្ឍប្រកប ដោយនិរន្តរភាព និងឥទ្ធិពលវិជ្ជមាន ក្នុងប្រទេសកម្ពុជា តាមរយៈក្រុមការងារសង្គម ណាហ្គាវើលដ៍បេះដូងសប្បុរស ។

លោក Pern Chen នាយកគ្រប់គ្រង ខុទ្ទកាល័យ នាយកប្រតិបត្តិក្រុមហ៊ុន ណាហ្គាវើលដ៍ បានឱ្យដឹងថា “យើងមានកិត្តិយស យ៉ាងខ្លាំង ដែលបានទទួលពានរង្វាន់ ទាំងនេះ ដែលទទួលស្គាល់ការលះបង់ របស់ណាហ្គាវើលដ៍ បេះដូង សប្បុរស ចំពោះសហគមន៍កម្ពុជា ។ ការទទួលស្គាល់ស្នាដៃនេះ ជំរុញលើក ទឹកចិត្តរបស់យើង ឱ្យពង្រីក សកម្មភាព ការងារសង្គម របស់យើងបន្ថែមទៀត ដែលបង្កើតការផ្លាស់ប្តូរ ដ៏មានសារសំខាន់ក្នុងប្រទេសកម្ពុជា” ។

តាមរយៈកម្មវិធីគាំទ្រ ការអប់រំ និងការផ្សារភ្ជាប់ជាមួយសហគមន៍ ធនធានជាក់ស្តែង និងចំណេះដឹងដ៏មាន សារសំខាន់ត្រូវបានផ្តល់ជូន និងជំរុញលើកទឹកចិត្ត ដល់កុមារ

ចាប់តាំងពីត្រូវបាន បង្កើតឡើងក្នុងឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះ ដូងសប្បុរស បានក្លាយជាកម្លាំងជំរុញ សម្រាប់ការផ្លាស់ ប្តូរវិជ្ជមាន ក្នុងប្រទេសកម្ពុជា ។ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ណាហ្គាវើលដ៍បេះដូងសប្បុរសផ្តោតលើសសរស្តម្ភសំខាន់ចំនួន ៤ គឺការអប់រំ សហគមន៍ កីឡា និងបរិស្ថាន។
មកដល់បច្ចុប្បន្ន ណាហ្គាវើលដ៍បេះដូងសប្បុរស បានដឹកនាំគំនិតផ្តួចផ្តើមចំនួន ៨២០ ដែលមានបុគ្គលិក ៨.៦៥២ នាក់បានស្ម័គ្រចិត្តចំណាយពេលវេលាផ្ទាល់ខ្លួនប្រមាណ ៤៤.៣៤២ ម៉ោង ជួយដល់ប្រជាជនកម្ពុជា ៦៧៩.៤២៦ នាក់។

ដើម្បីលើកកម្ពស់ការគាំពារបរិស្ថាន និងអនាគតកាន់តែមាននិរន្តរភាព សកម្មភាពប្រមូលសំរាម សិក្ខាសាលា កម្មវិធីដាំកូនឈើ និងគំនិតផ្តួចផ្តើមជាច្រើនទៀត ត្រូវបានរៀបចំឡើង

ណាហ្គាវើលដ៍បេះដូងសប្បុរស បន្តគំនិតផ្តួចផ្តើមថ្មីៗ ដែលស្របតាមគោលដៅអភិវឌ្ឍ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែងក្នុងឆ្នាំនេះ ណាហ្គាវើលដ៍បេះដូង សប្បុរស បានដំណើរការ “កម្មវិធីប្រកួតប្រជែងសាលារៀនស្អាត និងបរិស្ថាន បៃតង” ដែលពួកគេបានអប់រំ ដល់សិស្សានុសិស្ស នៅតាមអនុវិទ្យាល័យ និងវិទ្យាល័យ ៦៧ អំពីការគ្រប់គ្រងសំរាម ការកែច្នៃឡើងវិញ និងការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព ។

កុមារ និងយុវជនត្រូវបានផ្តល់ឱកាសឱ្យបង្ហាញ ទេពកោសល្យ បង្កើនតមិត្តភាព និងប្រកួតប្រជែង តាមរយៈកម្មវិធីអភិវឌ្ឍកីឡា របស់ណាហ្គាវើលដ៍បេះដូងសប្បុរស

គួរបញ្ជាក់ថា “សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារ សង្គមសកល បរិស្ថាន សង្គម និងអភិបាលកិច្ចលើកទី១៧ ប្រចាំឆ្នាំ២០២៥” គឺជាព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយ ដែលទទួលស្គាល់ក្រុមហ៊ុន ក្នុងទ្វីបអាស៊ីដែលមានស្នាដៃ ឆ្នើមក្នុងការអនុវត្តការងារសង្គម បរិស្ថាន សង្គម និង អភិបាលកិច្ច គុណតម្លៃវិជ្ជាជីវៈ ការគោរពសហគមន៍ និងការគាំពារ បរិស្ថាន ។ ព្រឹត្តិការណ៍ឆ្នាំនេះដែលត្រូវបានធ្វើឡើងក្នុងទីក្រុងហូជីមិញប្រទេសវៀតណាម បានទទួលពាក្យស្នើសុំជាង ២៥០ មកពីក្រុមហ៊ុនជាង ១០០ និងបានចូលរួម ដោយគណៈអធិបតីដូចជា លោក Vu Minh Ly នាយករងមជ្ឈមណ្ឌល ធនធាន និងទំនាក់ទំនងបរិស្ថាន នៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងលោកបណ្ឌិត Tran Quy ប្រធានវិទ្យា ស្ថានវៀតណាម សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ៕

Most Popular

To Top