សៀមរាប៖ នាថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពិធីអបអរសាទរខួបលើកទី៣០ ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ “១៩៩៦-២០២៥” ដែលបានប្រារព្ធឡើងយ៉ាងមនោរម្យនៅបរិវេណប្រាសាទក្រវ៉ាន់នៅលើទឹកដីនៃខេត្តសៀមរាប។

លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ក្នុងរយៈពេល ៣០ឆ្នាំ កន្លងមកនេះ ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ បានក្លាយជាព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំមួយប្រចាំឆ្នាំ ដែលមានអ្នកចូលរួមជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីជុំវិញពិភពលោករាប់ម៉ឺននាក់ មកជួបជុំគ្នារត់ប្រណាំងកម្សាន្តសប្បាយផង និងបានចំណាយពេលវេលាទស្សនាស្វែងយល់ពីសិល្បៈវប្បធម៌ដ៏ផូរផង់របស់ជាតិយើង ជាពិសេសតំបន់រមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិភណ្ឌពិភពលោក បានចាត់ថ្នាក់ដោយអង្គការ UNESCO ផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី៣០ ឆ្នាំ២០២៥ នេះ បានស្រូបទាញអ្នកចូលរួមសរុបចំនួន ១៦,០០០នាក់ កើនឡើង ២៥ ភាគរយធៀបនឹងឆ្នាំ២០២៤ ក្នុងនោះអត្តពលិកជាតិ ចំនួន ១២.៦៣៨នាក់ និងអត្តពលិកអន្តរជាតិ ចំនួន ៣,៣៦២នាក់ មកពី ៨៦បទស ដែលប្រទេសចូលរួមច្រើនជាងគេគឺ ចក្រភពអង់គ្លេស បារាំង អូស្ត្រាលី អាមេរិក និងជប៉ុន។ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅម្ដងទៀតដល់បងប្អូនជន រួមជាតិកម្ពុជា មិត្តភក្តិបរទេសរបស់យើងដែលធ្វើដំណើរមកប្រទេសកម្ពុជាជាលើក ដំបូង និងមិត្តភក្តិបរទេសបានវិលត្រឡប់មកវិញម្តងទៀត ដោយសារតបាន ដក់ចិត្តស្រឡាញ់នឹងកម្ពុជាបានមកជួបជុំគ្នានៅទីនេះក្នុងថ្ងៃនេះ ទោះបីជា យើងមកពីប្រទេសផ្សេងគ្នានិយាយភាសាខុសគ្នា ប៉ុន្តែថ្ងៃនេះយើងនឹងនិយាយភាសាតែមួយគឺ”ភាសាកីឡា” និង“ភាសានៃមិត្តភាព”។

លោកបានបន្ថែមថា ការរីកចម្រើននេះ គឺជាសក្ខីភាពជាក់ស្តែងបញ្ជាក់ពីការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន និងការបន្តដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់ ថាមពលខ្លាំងក្លា និងប្រាជ្ញាឈ្លាសវៃរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍មួយពោរពេញដោយស្ថិរភាព សុវត្ថិភាព និងភាពស្វាគមន៍រាក់ទាក់ ដែលការណ៍នេះបានក្លាយជាកម្លាំងចលករជំរុញថាមពលសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត ក្រោមម្លប់នៃសុខសន្តិភាព។

ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការដែលយើងអាចមកជួបជុំគ្នារត់ប្រណាំងនៅមុខប្រាសាទដ៏ស័ក្ដិសិទ្ធិបែបនេះបានមិនមែនជារឿងចៃដន្យនោះទេ នេះគឺជាផ្លែផ្កានៃសុខសន្តិភាពពេញលេញ។ កីឡាបាននាំយើងមកជួបគ្នា ប៉ុន្តែសន្តិភាពគឺជាកត្តាដែលអនុញ្ញាតឲ្យយើងអាច ជួបគ្នាបាននាពេលនេះ ដូចពាក្យស្លោករបស់យើង “កីឡារស់ក្នុងសន្តិភាព”។ កីឡានាំមកនូវសុខភាព និងសាមគ្គីភាពរវាងប្រជាជាតិ។ សូមអរគុណសន្តិភាពដល អនុញ្ញាតឲ្យពិភពលោកទាំងមូលបានមកស្គាល់ស្នាមញញឹមរបស់កម្ពុជា។


មុននឹងបញ្ចប់សុន្ទរកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណដល់ អង្គការបេះដូងមាស “Heart of Gold” ជប៉ុន, ស្ថានទូតនៃចក្រភពជប៉ុនប្រចាំកម្ពុជា, Kasumigaura Marathon ជប៉ុន ដែលជាដៃគូជាមួយ Angkor Wat International Half Marathon និងអរគុណដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាជ្ញាធរខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ កងកម្លាំង និងមន្ទីរពាក់ព័ន្ធរបស់រដ្ឋបាលខេត្ត ដែលតែងតែរួមគ្នាកសាងគុណតម្លៃ និងប្រសិទ្ធភាព ក្នុងការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងនេះ ឱ្យកាន់តែមានប្រជាប្រិយភាព និងជោគជ័យ ពីមួយឆ្នាំ ទៅមួយឆ្នាំ៕
ដោយ៖លី ភីលីព
