ព័ត៌មានជាតិ

លោកស្រីបណ្ឌិត ដាំ ដារីនី ដឹកនាំក្រុមការងារសិល្បៈ និងកីឡាករ-កីឡាការិនីនាំយកគ្រឿងបរិភោគ ឧបភោគ និងសម្ភារៈជូនគ្រួសារជនភៀសសឹក នៅខេត្តសៀមរាប

ខេត្តសៀមរាប ៖ លោកស្រីបណ្ឌិត ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំដឹកនាំក្រុមការងារសិល្បៈ និងកីឡាគណៈបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាលនាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៥ ចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនជនភៀសសឹក១០០០ គ្រួសារក្នុងមូលដ្ឋាន ខេត្តសៀមរាប ។

ក្នុងឱកាសនោះក៏មានការអញ្ជើញអមដំណើរដោយលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិកម្ពុជា និងសិល្បករ និងសិល្បការិនីផងដែរ ។

លោកជំទាវបណ្ឌិតបានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរ យ៉ាងយកចិត្តទុកដាក់ សួរសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន ទាំងអស់ ដែលជាជនភៀសសឹក ក៏ដូចជាវីរៈកងទ័ព កងនគបាលនៅគ្រប់ទីតាំងសមរភូមិតាមព្រំដែន ។

ថ្លែងអំណរគុណជូនដល់គណៈអភិបាលខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់ អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងសមត្ថកិច្ច ព្រមទាំងក្រុមការងារ ចុះមូលដ្ឋានទាំងអស់ ដែលបានលះបង់ ទាំងកម្លាំង កាយ កម្លាំងចិត្តយកចិត្តទុក ដាក់ដល់ សុខទុក្ខបងប្អូនជនភៀស សឹក ព្រមទាំងការព្យាបាលជំងឺ ការថែទាំសុខភាព ការរៀបចំជំរុំ រៀបចំស្បៀងអាហារ និងដោះស្រាយបញ្ហានានាបានល្អប្រសើរ។ សមរភូមិក្រោយតែងតែនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ ភៀសសឹក និងជួយទំនុកបម្រុងដល់បងប្អូន នៅសមរភូមិមុខជាប្រចាំ ។

ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បានអំពាវនាវ បងប្អូន ជនភៀសសឹកទាំងអស់ សូមជឿទុកចិត្ត លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលកំពុងខិតខំប្រឹងប្រែងស្វែងរកមកវិញនូវសុខសន្តិភាពជូនបងប្អូន និងការពារដែនអធិបតេយ្យភាព បូរណភាពទឹកដី របស់យើងទាំងអស់គ្នា។ ជាចុងក្រោយ លោកជំទាវបណ្ឌិតបានផ្តាំ ផ្ញើពលរដ្ឋភៀសឹក និងគ្រួសារកងទ័ពទាំងអស់ ជាពិសេសកុមារា កុមារី ស្ត្រីមានផ្ទៃពោះ ព្រមទាំងលោកយាយ លោកតាចាស់ជរា បងប្អូន ជនពិការ សូមថែរក្សាសុខភាពឱ្យបានល្អក្នុងកាលៈទេសៈដ៏លំបាកនេះ។

Most Popular

To Top