ព័ត៌មានជាតិ

ក្រុមហ៊ុន ភីស ភេត្រូលៀម បង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈ របស់ខ្លួន ស្ថិតក្នុងស្រុកស្ទឹងហាវ

ព្រះសីហនុ៖ ក្រុមហ៊ុន ភីស ភេត្រូលៀម ខេមបូឌា ឯ.ក (Peace Petroleum CambodiaCo., LTD ) ដែលមានលោក ទៀ ស្យាម និងអ្នកឧកញ៉ា ទៀ វិចិត្រ ជាសហស្ថាបនិក​ បានបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈ (ទីតាំងស្តុក) របស់ក្រុមហ៊ុន ស្ថិតនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលជាជំហានថ្មីមួយទៀត របស់ក្រុមហ៊ុនក្នុងស្រុកមួយនេះ លើវិស័យផ្គត់ផ្គង់ប្រេងឥន្ធនៈ។

ពិធីបញ្ចុះបឋមសីលាសាងសង់​ មណ្ឌលសន្និធិប្រេងឥន្ធនៈនេះ ធ្វើឡើងនៅព្រឹកថ្ងៃ១០ ខែមីនា ឆ្នាំ២០២៦ ក្រោមវត្តមាន លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្នុងនោះលោកអភិបាលរងខេត្ត បានថ្លែងនូវការអបអរសាទរ ចំពោះដំណើរការសាងសង់​ មណ្ឌលសន្និធិប្រេងឥន្ធនៈនេះ ដែលនឹងរួមចំណែកបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគ អ្នកវិនិយោគិនក្នុងស្រុក ។

បើតាមអ្នកឧកញ៉ា ទៀ វិចិត្រ​ មានប្រសាសន៍ឱ្យដឹងថា គម្រោងបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈនេះ មានទុនវិនិយោគប្រមាណ ៧.៥ លានដុល្លាអាមេរិក និងមានទីតាំងស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

អ្នកឧកញ៉ាបន្ថែមថា អត្ថប្រយោជន៍នានាចេញពីគម្រោងនេះ រាប់ចាប់ពីការបង្កើតការងារជូនប្រជាពលរដ្ឋ, ការពង្រឹងជំនាញបច្ចេកទេសរបស់បុគ្គលិក-កម្មករ, និងការបង្កបរិយាកាសវិជ្ជមាន សម្រាប់វិនិយោគិន ហើយគម្រោងនេះក៏និងរួមចំណែកយ៉ាងសំខាន់លើការធានាសន្តិសុខ និងស្ថិរភាពនៃការផ្គត់ផ្គង់ឥន្ធនៈនៅកម្ពុជាផងដែ៕

Most Popular

To Top