ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរហាមពលរដ្ឋជួលដីស្រែ ឱ្យជនបរទេសបង្កបង្កើនផលឡើយ

តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំ និងហាមដាច់ខាតមិនត្រូវ ឱ្យប្រជាពលរដ្ឋខ្មែរ មានដីស្រីជាប់ព្រំដែនជាមួយវៀតណាម ជួលដីស្រែឲ្យជនជាតិវៀតណាមចូលមកធ្វើនោះទេ។

លោក អភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរស្រុក សមត្ថកិច្ចឈរជើងតាមបណ្ដោយព្រំដែន ត្រូវពិនិត្យ និងតាមដានមើលករណីនេះឲ្យបានច្បាស់លាស់។ នេះបើយោងតាមសារសម្លេងរបស់ ឯកឧត្តមអភិបាល នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ។

លោក អភិបាលខេត្ត បន្តថា កន្លងមកក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល បានចេញលិខិតណែនាំដល់ខេត្ត ជាប់ព្រំដែនរួចរាល់ហើយ ពីការហាមឃាត់ការជួលដី ស្រែតាមបណ្ដោយព្រំដែនឲ្យជនបរទេស ដូច្នោះអាជ្ញាធពាក់ព័ន្ធ រួមទាំងសមត្ថកិច្ចឈរជើងតាមបណ្ដោយព្រំដែនត្រូវទប់ស្កាត់ និងពិនិត្យមើលករណីនេះ ឱ្យបានច្បាស់លាស់ និងត្រូវណែនាំប្រជាពលរដ្ឋដែលមានដីស្រែច្រើនកុំឲ្យជួលឲ្យជនជាតិវៀតណាមចូលមកធ្វើ ព្រោះវាបង្កផលលំបាក និងបង្កភាពស្មុគស្មាញពាក់ព័ន្ធទៅនឹងការជួលដីស្រែនេះ។

លោក អភិបាលខេត្ត បានបន្ថែមថា «ពាក់ព័ន្ធរឿងជួលដីស្រែឲ្យជនបរទេសនេះ បើមានមន្រ្តីណាឃុបឃិតឲ្យមានការជួលដីស្រែឲ្យជនបរទេសចូលមកធ្វើ គឺត្រូវទទួលខុសត្រូវនៅចំពោះមុខច្បាប់ ដោយគ្មានការអនុគ្រោះនោះទេ»។

លោក វ៉ី សំណាង ក៏បានលើកឡើងពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដើម្បីធ្វើយ៉ាងណាជំរុញឲ្យមានការអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រូសាររបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែន ជាពិសេសការកសាងផ្លូវក្រវាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដីកម្ពុជា៕

Most Popular

To Top