ព័ត៌មានជាតិ

កម្ពុជា ពង្រឹងប្រព័ន្ធសុវត្ថិភាព ម្ហូបអាហារ តាមរយៈភាព ជាដៃគូអភិវឌ្ឍន៍ សមត្ថភាព ជាមួយសិង្ហបុរី

ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូតសិង្ហបុរី ប្រចាំកម្ពុជា បានសហការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃ ដើម្បីពង្រឹងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ជំរុញការកែច្នៃកសិផល និងគាំទ្រសហគ្រាសកម្ពុជា ក្នុងការផលិតអាហារ ដែលមានគុណភាព និងត្រៀមសម្រាប់ការនាំចេញ។

វគ្គបណ្តុះបណ្តាលស្តីពី «ការកែច្នៃ និងសុវត្ថិភាពម្ហូបអាហារ» ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា បានប្រមូលផ្តុំមន្ត្រីកម្ពុជា ដោយផ្តោតលើការពង្រឹងចំណេះដឹង ស្តីពីការគ្រប់គ្រងសុវត្ថិភាព ម្ហូបអាហារ ការរក្សាទុកផលិតផលអាហារ ការបង្កើនតម្លៃបន្ថែម និងផលិតកម្មអាហារប្រកបដោយចីរភាព។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើសារសំខាន់នៃការកសាងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារដ៏រឹងមាំមួយ សម្រាប់ការពារសុខភាពសាធារណៈ កសាងទំនុកចិត្តអ្នកប្រើប្រាស់ និងលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យម។

លោករដ្ឋមន្ត្រី បានលើកឡើងថា «ការវិនិយោគលើសុវត្ថិភាពម្ហូបអាហារ មិនត្រឹមតែជាការវិនិយោគ លើសុខុមាលភាពរបស់អ្នក ប្រើប្រាស់នាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការវិនិយោគលើកេរ្តិ៍ឈ្មោះរយៈពេលវែង និងអនាគតសេដ្ឋកិច្ចរបស់យើងផងដែរ» ។

លោក រដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការកាត់បន្ថយការបាត់បង់ ក្រោយពេលប្រមូលផល ការចាប់យកបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ទំនើប ភាពអនុលោមតាមស្តង់ដាអន្តរជាតិ និងការលើកកម្ពស់ផលិតកម្ម ដែលប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។ អាទិភាពទាំងនេះ នឹងគាំទ្រ ដល់បរិវត្តកម្មរបស់កម្ពុជា ពីផលិតកម្មមូលដ្ឋានបែបប្រពៃណី ឆ្ពោះទៅរកការផលិត ដែលមានតម្លៃ បន្ថែមខ្ពស់ ។

លោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា កម្មវិធីនេះត្រូវបានរៀបចំឡើងជាពិសេស ដើម្បីឆ្លើយតបទៅនឹងអាទិភាព របស់ក្រសួង និងបង្ហាញពីដំណាក់កាលថ្មី នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការកសាងសមត្ថភាព ផលិតអាហារ។

សូមរំលឹកថា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ និងត្រូវបានលើកកម្រិតនៅឆ្នាំ២០១៨ ដែលឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏យូរអង្វែងរវាងកម្ពុជា និងសិង្ហបុរី។ រហូតមកដល់បច្ចុប្បន្ន មន្ត្រីរាជការកម្ពុជាជាង ១៩.០០០នាក់ បានទទួលអត្ថប្រយោជន៍ពីកម្មវិធីកសាងសមត្ថភាពរបស់មជ្ឈមណ្ឌលនេះ៕

Most Popular

To Top