កីឡា

លោក សំ សុខយី ៖ ហ្វឹកហាត់បិទខ្ទប់ របស់ក្រុមអត្តពលិក លើកទម្ងន់ស្រួលគ្រប់គ្រង ទាំងការបង្ហាត់ បច្ចេកទេស កែកំហុសឆ្គង និង ការហ្វឹកហាត់កម្លាំង

ភ្នំពេញ ៖ អនុប្រធាន និងអគ្គលេខាធិការ នៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា តំណាងឲ្យលោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា នាល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះសួរសុខទុក្ខ ក្រុមកីឡាករ-កីឡាការនីជម្រើសជាតិ និងគ្រូបង្វឹក ដែលកំពុងហ្វឹកហាត់ បិទខ្ទប់ នៅពហុកីឡាដ្ឋានមរតកតេជោ ដើម្បីត្រៀមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES នៅប្រទេសវៀតណាម នាពាក់កណ្តាល ខែឧសភា ឆ្នាំ២០២២ ។

លោក សំ សុខយី អគ្គលេខាធិការ នៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានមានប្រសាសន៍ តាមប្រព័ន្ធអនឡាញថា ក្នុងបរិការណ៍COVID-19 នាពេលបច្ចុប្បន្នការ ហ្វឹកហាត់ បិទខ្ទប់ មានការរីកចម្រើនល្អជាង ការហ្វឹកហាត់ Live តាមប្រព័ន្ធ Zoom ដោយពេលវេលា ហ្វឹកហាត់ ក្នុង១ថ្ងៃ ៦ម៉ោង កត្តាខាងក្រោមនេះ បង្ហាញពីការរីកចម្រើនល្អ ជាងការហ្វឹកហាត់ Live តាម Zoom។ កីឡាករ-កីឡាការិនីនៅជុំគ្នា ងាយស្រួល គ្រប់គ្រង ទាំងការបង្ហាត់បច្ចេកទេស កែ កំហុសឆ្គង ការហ្វឹកហាត់កម្លាំង កលល្បិច និងការសិក្សារៀនសូត្រ ហើយការចាប់ដៃគូ កាន់តែល្អ និងពាក់ហ៊ុមឲ្យគ្នា ទាត់ទៅវិញ ទៅមក ព្រមទំាងតែមានការអនុវត្តប្រកួត ដោយផ្ទាល់ទៀតផង ។

លោកបានបន្តថា សហព័ន្ធត្រៀមបញ្ជូនកីឡាករ-កីឡាការិនីតាមប្រភេទទម្ងន់ ត្រៀមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES នៅប្រទេសវៀតណាម ឲ្យចេញទៅហ្វឹកហាត់ និងប្រកួតបន្ថែមទៀត នៅប្រទេសចិន មុនចេញទៅ SEA GAMES ហើយរាល់ការចំណាយទាំងអស់ ជាបន្ទុករបស់ គណៈកម្មាធិការជាតិ រៀបចំ SEA Games ឆ្នាំ២០២៣ (CAMSOC) ។

លោកអគ្គលេខាធិការ បន្ថែមទៀតថា សម្រាប់បញ្ហាប្រឈមយើង ពិតជាមានខ្លះ ហើយដូចជាកីឡាករ -កីឡាការិនីមួយចំនួន ផ្តាសសាយ និងក្តៅខ្លួនតិចតួចបណ្តាល មកពីអាកាសធាតុប្រែប្រួល តែអាចហ្វឹកហាត់ បានពេញម៉ោង បន្ទាប់ពីគ្រូពេទ្យប្រចាំការ ផ្តល់ថ្នាំជូន ។ សេវាទូរស័ព្ទ និងអ៊ីនធើណេត មានដោយកន្លែងធ្វើឲ្យការរៀនសូត្រ និងការស្រាវជ្រាវ របស់សិស្ស ខ្វះចន្លោះ តែខាងក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលខុសត្រូវ ក្នុងមណ្ឌលបិទខ្ទប់ បានតភ្ជាប់អ៊ីនធើណេត ចូលក្នុងមណ្ឌលបិទខ្ទប់ ដើម្បីផ្តល់ភាពងាយស្រួល ដល់កីឡាករ-កីឡាការិនី ៕ដោយ៖លី ភីលីព

Most Popular

To Top