ខ្សែប្រយុទ្ធ Erling Haaland ត្រូវបានសារព័ត៌មាន Goal ចុះផ្សាយនៅក្នុងថ្ងៃនេះថា ក្លឹប Real Madrid ជាគោលដៅ ដែលគេចាប់អារម្មណ៍ ចង់ទៅលេងបន្ទាប់ ប្រសិនបើជាគេចាកចេញពីក្លឹប Borussia Dortmund នៅក្នុងឆ្នាំក្រោយ ។
រឿងរ៉ាវការផ្លាស់ប្ដូរក្លឹប របស់កីឡាករវ័យក្មេងរូបនេះ កាន់តែមានច្រើន ខណៈដែរ កុងត្រាទិញផ្ដាច់សម្រាប់ឲ្យក្លឹបដទៃទិញយក (Release Clasue) របស់គេដែលមានតម្លៃជាង ៨៤លានដុល្លារ នឹងចាប់ផ្ដើមមានសុពលភាព នៅរដូវកាលក្ដៅឆ្នាំ២០២២ខាងមុខ។
បើតាមប្រភពខាងលើដដែលនេះ Haaland មិនត្រឹមតែចាប់អារម្មណ៍ទៅលេងនៅអេស្ប៉ាញនោះទេ កីឡាករវ័យ ២១ឆ្នាំនេះ ក៏ចាប់អារម្មណ៍ចង់នៅលេងនៅអង់គ្លេសផងដែរ ដែលជាពិសេសនោះគឺក្លឹប Manchester City, Manchester United, Chelsea និង Liverpool ដែលសុទ្ធតែត្រូវបានសារព័ត៌មានធំៗចុះផ្សាយថា ធ្លាប់បានទាក់ទងចង់បាន ។
យ៉ាងណាក្ដីចំពោះក្លឹប Dortmund វិញតែងតែលើកឡើង ឆ្លើយតបម្ដងហើយម្ដងទៀតនឹងព័ត៌មានទាំងនេះថា Haaland នឹងនៅបន្តរហូតដល់ក្រោយៗ រហូតដល់ចប់កុងត្រាឆ្នាំ២០២៤ ។ មិនតែប៉ុណ្ណោះក៏មានព័ត៌មានចុះផ្សាយថា ក្លឹបនេះនឹងឡើង ប្រាក់ពលកម្មទ្វេដងឲ្យខ្សែប្រយុទ្ធនេះ ដើម្បីទាក់ចិត្តឲ្យនៅបន្ត ។
នៅក្នុងរដូវកាលនេះ Haaland ចូលលេងឲ្យ Dortmund បាន ១០ប្រកួតហើយ ដោយរកបាន ១៣គ្រាប់៕