បរទេស៖ កន្លងមក រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានសម្តែងការព្រួយបារម្ភចំពោះរបាយការណ៍នៃការកសាងយោធារុស្ស៊ីនៅតាមព្រំដែនជាមួយប្រទេសអ៊ុយក្រែន ដោយបានប្តេជ្ញាថា នឹងឆ្លើយតបប្រសិនបើរដ្ឋាភិបាលទីក្រុងមូស្គូនឹងបើកការវាយប្រហារប្រឆាំងនឹងអ្នកជិតខាងរបស់ខ្លួន។ យ៉ាងណាក៏ដោយ វិមានក្រឹមឡាំងបានច្រានចោលការអះអាងជាច្រើនដងថា ការចោទប្រកាន់នេះជាផ្នែកនៃយុទ្ធនាការព័ត៌មានក្លែងក្លាយ និងបង្កើតនូវ “ភាពច្របូកច្របល់” ដែលផ្តោតលើប្រទេសរុស្ស៊ី។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា រដ្ឋាភិបាលទីក្រុងមូស្គូ នឹងមិនវាយប្រហារប្រទេសណាមួយ ជាមុននោះទេ។ លោកបានសង្កត់ធ្ងន់ថា ភាពច្របូកច្របល់ទាំងអស់ជុំវិញការចោទប្រកាន់ របស់រុស្សីចំពោះអ៊ុយក្រែន គឺត្រូវបានបំផ្ទុះឡើងដោយសិប្បនិម្មិតនៅក្នុងសហរដ្ឋអាមេរិក ជាមួយនឹងគោលដៅដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការបរាជ័យរបស់ប្រធានាធិបតី Volodymyr Zelensky ។
លោក Antonov ក៏បានចែករំលែកថា រុស្ស៊ីបានស្នើសុំម្តងហើយម្តងទៀតដោយចោទសួរសហរដ្ឋអាមេរិក អំពីរបៀបដែលខ្លួនមានផែនការជួយដល់ការបង្កើត សន្តិភាពនៅភាគខាងកើតអ៊ុយក្រែន ដែលជាបំណងប្រាថ្នាដែលទីក្រុងវ៉ាស៊ីនតោនបានបង្ហាញច្រើនជាងម្តងក្នុងឆ្នាំនេះ។ អ្នកការទូតរូបនេះបានកត់សម្គាល់ថា រហូតមកដល់ពេលនេះ អាមេរិកគ្រាន់តែពង្រីកសម្ភារៈយោធា និងសព្វាវុធដែលខ្លួនកំពុង ផ្គត់ផ្គង់ដល់កងទ័ពអ៊ុយក្រែនប៉ុណ្ណោះ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីបានកត់សម្គាល់ថា សេតវិមាននៅតែទទូចឱ្យបញ្ជូនតែឧបករណ៍ ការពារទៅកាន់អ៊ុយក្រែន ខណៈពេលដែលរួមបញ្ចូលទាំងអាវុធវាយប្រហារដូចជា មីស៊ីលប្រឆាំងយានជំនិះ Javelin ៕
ប្រែសម្រួលៈ ណៃ តុលា