ភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ១១ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១លោក ឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានអញ្ជើញជាធិបតីក្នុងកិច្ចប្រជុំគណៈកម្មការប្រតិបត្តិដើម្បីរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសថ្នាក់ជាតិប្រចាំឆ្នាំ២០២១ នឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ និងបញ្ហាការកាត់ក្តីការប្រកួតរវាងកីឡាករធន់ក្របីជាមួយកីឡាករសូដា សុភាព នៅសង្វៀនប្រដាល់មួយ ។
ក្រោយពីទទួលបានរបាយការណ៍ប្រកួតរវាងកីឡាករ ធន់ ក្របី ជាមួយកីឡាករសូដា សុភាព នៅសង្វៀនប្រដាល់មួយកាលពីថ្ងៃសៅរ៍ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ដោយការដឹកនាំប្រកួតរបស់អាជ្ញាកណ្តាលមានការខុសឆ្គងទៅនឹងបទបញ្ជាប្រកួត និងការសម្រេចលទ្ធផលមិនបានត្រឹមត្រូវទៅនឹងសកម្មភាព និងលទ្ធផលជាក់ស្តែង លោកតែម ម៉ឺន ប្រធានសហព័ន្ធបានកោះប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ដើម្បីពិនិត្យ វាយតម្លៃ និងសម្រេចដាក់វិធានការរដ្ឋបាលចំពោះមន្ត្រីដែលអនុវត្តខុសឆ្គងភ្លាមៗ ។
បន្ទាប់ពីរកឃើញខុសឆ្គងដោយផ្អាកការងារជាបណ្តោះអាសន្នរយៈពេល៦សប្តាហ៍ចំពោះអាជ្ញាកណ្តាលលោក ម៉ី រតនៈ និងគណៈវិនិច្ឆ័យលោក ហង្ស ស៊ឺន រីឯកីឡាករ ធន់ ក្របី សហព័ន្ធសម្រេចផ្អាកការចាប់គូមិនឲ្យប្រកួតរយៈពេល០៦សប្តាហ៍ដែរ។ ចំពោះកំហុសឆ្គងទាំងនេះធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍បងប្អូន សហព័ន្ធនឹងខិតខំធ្វើការអប់រំ ណែនាំ ពង្រឹងឡើងវិញដល់មន្ត្រី និងកីឡាករទាំងអស់ឲ្យអនុវត្តឲ្យបានត្រឹមត្រូវតាមបទបញ្ជាបច្ចេកទេសរបស់សហព័ន្ធ៕ដោយ៖លី ភីលីព