ផ្សេងៗ

បារាំង បន្តហាមឃាត់ការហោះហើរសម្រាប់​ ប្រទេសចំនួន៨ ដោយសារព្រួយបារម្ភនឹងវីរុស បំប្លែងខ្លួនថ្មី Omicron

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ថា លោក Clement Beaune រដ្ឋមន្ត្រីការបរទេសបារាំង ទទួលបន្ទុកកិច្ចការអឺរ៉ុប បានលើកឡើងនៅថ្ងៃពុធនេះថា ប្រទេសបារាំង បានសម្រេចចិត្តបន្តការហាមឃាត់ការហោះហើររបស់ខ្លួនពីបណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូង ចំនួន៧រហូតដល់ថ្ងៃសៅរ៍ ជុំវិញការព្រួយបារម្ភអំពីវីរុសបំប្លែង ខ្លួនថ្មីឈ្មោះថា Omicron ។
ថ្លែងទៅកាន់វិទ្យុ RTL លោក Beaune បានថ្លែងថា ប្រទេសបារាំង និងបណ្តាប្រទេសអឺរ៉ុប មួយចំនួនទៀតបានចាត់វិធានការសម្របសម្រួលមួយដើម្បីផ្អាកជើងហោះហើរ ឬរារាំងការចូលពីអាហ្វ្រិកខាងត្បូង ឡេសូថូ បូស្វាណា ហ្ស៊ីមបាវ៉េ ម៉ូហ្សំាប៊ិក ណាមីប៊ី និងអេសវ៉ាទីនី ។

លោកក៏បានថ្លែងផងដែរថា “ពិធីសារដែលបានពង្រឹងយ៉ាងខ្លាំង” នឹងត្រូវបានប្រកាសនៅថ្ងៃសៅរ៍សម្រាប់ពលរដ្ឋសហភាពអឺរ៉ុបត្រឡប់មកវិញ។

លោក Olivier Veran រដ្ឋមន្ត្រីសុខាភិបាលបារាំង បានព្រមានកាលពីថ្ងៃអង្គារថា ស្ថានភាពជំងឺរាតត្បាតនៅក្នុងប្រទេសបារាំង កាន់តែអាក្រក់ទៅៗ ដោយមានករណីថ្មីចំនួន៤៧.០០០នាក់ត្រូវបានរាយការណ៍ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។

ប្រទេសបារាំង បានរកឃើញករណីវីរុសបំប្លែងខ្លួនថ្មី Omicron ដំបូងរបស់ខ្លួនកាលពីថ្ងៃអង្គារនៅទីក្រុង La Reunion ដែលជាទឹកដីក្រៅប្រទេសរបស់ប្រទេសនៅភាគខាងកើតនៃទ្វីបអាហ្រ្វិក ខណៈពេលដែលកំពុងរង់ចាំការបញ្ជាក់ពីករណីសង្ស័យ Omicron ចំនួន៨ ដែលបានធ្វើតេស្តវិជ្ជមានបន្ទាប់ពីការធ្វើដំណើររបស់ពួកគេពីទ្វីបអាហ្វ្រិក៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top