ឥណ្ឌូនេសុី ជាប្រទេសមួយនៅក្នុងតំបន់អាសុីអាគ្នេយ៍ ដែលជារឿយៗតែងប្រឈមមុខ ជាមួយគ្រោះធម្មជាតិ បំផ្ទុះភ្នំភ្លើង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានករណីផ្ទុះភ្នំភ្លើង Semeru បណ្តាលឱ្យមានមនុស្សបាត់បង់ជីវិត និង ខូចខាតផ្ទះសម្បែង។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន CNN។
ភ្នំភ្លើង Semeru មានទីតាំងស្ថិតនៅក្នុងខេត្ត Java ភាគខាងកើតនៃប្រទេសឥណ្ឌូនេសុី ហើយបានផ្ទុះ កាលពីថ្ងៃសៅរ៍ ទី ៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ បើតាមការបញ្ជាក់ពី នាយកដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយ របស់ប្រទេសនេះ បានឱ្យដឹងថា បំផ្ទុះភ្នំភ្លើង Semeru ក្រៅពីបណ្តាលឱ្យមានមនុស្សស្លាប់ ១៤នាក់ នៅមានមនុស្សរងរបួស ៥៦នាក់ ក្នុងចំណោមនោះ មាន៣៥នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយជាច្រើននាក់ទៀតបាត់ខ្លួន រកមិនទាន់ឃើញនៅឡើយ។
យ៉ាងហោចណាស់ មនុស្ស ១៣០០នាក់ ត្រូវបានជម្លៀសទៅកាន់ កន្លែងមានសុវត្ថិភាព ក្រោយពីផ្ទះសម្បែងរាប់រយខ្នង និង សាលារៀនចំនួន ៣៣ទីតាំង ត្រូវបានបំផ្លាញដោយហេតុការណ៍ បំផ្ទុះភ្នំភ្លើង នៅក្នុងខេត្ត Java ប្រទេសឥណ្ឌូនេសុី៕ Source: Sabay