កីឡា

លោក តែម ម៉ឺន ៖ វគ្គបណ្តុះបណ្តាលនេះ ជួយពង្រីកការយល់ដឹងខ្ពស់ លើការងារហ្វឹកហាត់ បច្ចេកទេសក្បាច់គុនខ្មែរ

ភ្នំពេញ ៖ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ទុយ វិច្ឆិកា ប្រធានការិយាល័យកីឡាទំនើប និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំការប្រកួត នៃក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹក កម្រិតមូលដ្ឋានដល់គ្រូៗ គ្រប់បណ្តាសមាគម-ក្លិប មានរយៈពេល៧ថ្ងៃ នៅសាលប្រជុំមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ ក្នុងស្តាតចាស់ ក្រោមការប្រើប្រាស់ ថវិកាក្រសួងអប់រំ យុវជន និងកីឡា ។

លោក តែម ម៉ឺន បានមានប្រសាសន៍ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំបើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកម្រិតមូលដ្ឋាន ដល់គ្រូៗគ្រប់បណ្តាសមាគម-ក្លិប ដើម្បីពង្រីកការយល់ ដឹងខ្ពស់ លើការងារហ្វឹកហាត់ បច្ចេកទេសក្បាច់គុនខ្មែរ ឲ្យបានសមស្របតាមស្តង់ដារ ដើម្បីឈានឆ្ពោះទៅការប្រកួតកីឡា SEA GAMES 2០21 លើកទី៣១នៅប្រទេសវៀតណាម និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2០23 លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ចំពោះសិក្ខាកាមមិនគោរពវិន័យតាមកម្មវិធីសិក្សា និងពុំទទួលបាននូវវិញ្ញាបនបត្រ បញ្ជាក់ការសិក្សានេះឡើយ ដោយមានជូនភ្ជាប់ នូវបទបញ្ជាផ្ទៃក្នុងដល់ គ្រប់សិក្ខាកាមទាំងអស់ ដើម្បីបានពិនិត្យ និងអនុវត្ត។ វិញ្ញាបនបត្រនេះ មានតម្លៃសម្រាប់គ្រូបង្វឹកទាំងអស់ បានចូលរួមវគ្គបណ្តុះបណ្តាល តាមកាលបរិច្ឆេទ នៃការរៀបចំ របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានត្រឹមត្រូវ និងខិតខំយកចិត្តទុកដាក់ក្នុងការសិក្សានេះ ទទួលបានលទ្ធផលល្អប្រសើរ ។

លោក ម៉ិល កាដូ អនុប្រធាន និងអ្នកគ្រប់គ្រងវគ្គបានប្រាប់ដឹងថា ដោយបានអនុញ្ញាត ឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកម្រិតមូលដ្ឋនដល់គ្រប់បណ្តា សមាគម និងអាចទទួលយក បានមកចូលរួមវគ្គសិក្សានាពេលនេះ ។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើការជ្រើសរើសគ្រូបង្វឹក ដែលសុទ្ធសឹង អ្នកដែលមាន សមត្ថភាពកម្រិតវប្បធម៌ ថ្នាក់កម្រិតមធ្យម មកទទួលយកចំណេះដឹង ផ្នែកបច្ចេកទេស នៃការបង្វឹកដល់រួមមាន ការងារអប់រំចិត្តសាស្ត្រ និងក្រមសីលធម៌ ការងារប្រយុទ្ធប្រឆាំង និងការប្រើប្រាស់ សារធាតុដូប៉ាក្នុងវិស័យកីឡាប្រដាល់ ការងារកិច្ចតែងការ សម្រាប់គ្រូបង្វឹក វិធីសាស្ត្របង្ហាត់កម្លាំងកាយ ភាពអំណត់ ភាពទន់ភ្លន់ និងបង្រៀនការធ្វើផែនការហ្វឹកហាត់ ការងារថ្វាយបង្គំគ្រូ ក្បាច់ប្រយុទ្ធ និងក្បាច់ការពារ ។

លោកបានបន្តថា ដូចនេះ យើងឃើញថា វគ្គនេះមានសារសំខាន់ណាស់ចំពោះអស់លោក ជាគ្រូបង្វឹកទាំងអស់ ត្រូវយកចិត្តទុកដាក់កម្រិតខ្ពស់បំផុត ដើម្បីទទួលបានចំណេះដឹងនេះ យកទៅអនុវត្ត នៅក្នុងសមាគម-ក្លិបរបស់ខ្លួន ។ សិក្ខាកាមចំនួន ២៥នាក់បានចូលរួមក្នុង វគ្គសិក្សានាគ្រូឧទ្ទេសនាមចំនួន៣រូប លោក អ៊ុន ខេមរិន្ទ លោក ឈិត សារឹម និងលោកគ្រូពេទ្យ ផឹម ផល្លារ ។

វគ្គបណ្តុះបណ្តាលនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងរៀបចំជូននូវវិញ្ញាបនប័ត្របញ្ជាក់ការ សិក្សាជូនគ្រប់សិក្ខាកាមទាំងអស់ តាមសមត្ថភាពជាក់ស្តែង ។ ឆ្លៀតឱកាសនេះដែរ ខ្ញុំសូមធ្វើការរំលឹកដាស់តឿន ដល់គ្រូៗទាំងអស់ដែលបានចូលរួមសិក្សា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតបឋម នាពេលនេះ ត្រូវយកអស់ស្មារតី ខិតខំយកចិត្តទុកដាក់ បង្កើននូវសមត្ថភាព យល់ដឹងឲ្យបានច្រើន ធ្វើការកត់ត្រាឲ្យបានច្បាស់ ដើម្បីពង្រីកការចេះដឹង នឹងការចំណាយពេលវេលា និងការខិតខំប្រឹងប្រែង របស់គ្រូឧទ្ទេសនាម ៕ដោយ៖លី ភីលីព

Most Popular

To Top