ភ្នំពេញ៖លោកតែម ម៉ឺន ជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ បានជួបសំណេះសំណាល និងផ្តាំផ្ញើគ្រូបង្វឹក និងអត្តពលិកប្រដាល់គុនខ្មែរ និង ឃិតប៊ុកស៊ិងចំនួន១១រូបមុនចេញដំណើរទៅប្រកួតកីឡា SEA GAMES លើកទី៣០ ឆ្នាំ ២០១៩ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា នៅប្រទេសហ្វីលីពីន។
លោកបានមានប្រសាសន៍ថា កីឡាករ-កីឡាការិនីត្រូវតែប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានជ័យជម្នះនៅក្នុងការប្រកួតជូនជាតិមាតុភូមិយើង និងរក្សាកេរ្តិ៍ឈ្មោះជាកីឡាករកម្ពុជាប្រកបដោយសេចក្តីថ្លៃថ្នូរ គោរពវិន័យឲ្យបានខ្ជាប់ខ្ជួន។ នៅទីនោះកីឡាករ-កីឡាការិនីត្រូវប្រយ័ត្នប្រយែង ការហូបចុក និងថែទាំសុខភាពឲ្យបានល្អ ព្រមទំាងខិតខំហ្វឹកហាត់បន្ថែមទៀត។
សម្រាប់កីឡាករ-កីឡាការិនីទាំង៥នាក់រួមមាន កីឡាករ ហ៊ឹម គឹមរៀង ប្រកួតប្រភេទទម្ងន់ ៤៨ គ.ក្រកីឡាករ វ៉ាន់ វៀន ប្រកួតប្រភេទទម្ងន់៥៤គ.ក្រ កីឡាករ តាញ់ មករា ប្រកួតប្រភេទ ទម្ងន់ ៥៧គ.ក្រ កីឡាករ ឡៅ ចិត្រ្តា ប្រកួតប្រភេទទម្ងន់៦៣,៥០គ.ក្រ និងកីឡាការិនី អ៊ុ ស្រីរ័ត្ន ប្រកួតប្រភេទទម្ងន់៥៤គ.ក្រ៕ដោយ៖លី ភីលីព