កីឡា

សង្វៀនទូរទស្សន៍ ថោន បើកការប្រកួត ស្វែងរក​អ្នកប្រយុទ្ធគុនខ្មែរជើងខ្លាំង​ ទៅដណ្ដើមខ្សែក្រវ៉ាត់មាស លំដាប់ពិភពលោក

ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ថោន កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសបើកសង្វៀនថ្មីមួយទៀត ដែលមានឈ្មោះថា អធិរាជគុនខ្មែរ ISI PIPE-ISI PALM ក្រោមការសហការ​ ជាមួយក្រុមហ៊ុន ISI STEEL ជ្រើសរើសជើងខ្លាំងគុនខ្មែរ ក្នុងប្រភេទទម្ងន់ ៦០Kg ដើម្បីដណ្ដើមខ្សែរក្រវ៉ាត់មាស លំដាប់ពិភពលោក ជាមួយកីឡាករបរទេសចំនួន៤ តំណាង ៤ប្រទេសផ្សេងទៀត អមជាមួយទឹកប្រាក់ ៤០លានរៀល(១ម៉ឺនដុល្លារ)។

ក្នុងសន្និសីទសារព័ត៌មាន ប្រកាសបើកសង្វៀនថ្មី «អធិរាជគុនខ្មែរ ISI PIPE-ISI PALM» លោក គឹម ស្រ៊ុនកុសល បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ន​ កីឡាប្រដាល់គុនបុរាណខ្មែរ មានការពេញនិយមគាំទ្រ គ្រប់ទិសទី និងបានបោះជំហាន មួយដំណាក់កាលទៀត ឆ្លងកាត់សង្វៀនថ្មីរបស់ទូរទស្សន៍ ថោន មានឈ្មោះថា អធិរាជគុនខ្មែរ ISI PIPE-ISI PALM នាំកីឡាករកម្ពុជា ចូលទៅប្រកួតលើសង្វៀនអន្តរជាតិ ដើម្បីបង្ហាឲ្យបានស្គាល់ ប្រដាល់សេរី គុនខ្មែរ ដែលចាក្បាច់គុនខ្មែរ ដ៏ល្បីល្បាញ និងជាទឹកតាងយ៉ាងច្បាស់ បន្សល់នៅតាមតួប្រាងប្រាសាទ និងជាគម្ពីតពីបុព្វបុរស។

លោក គឹម ស្រ៊ុនកុសល បានបញ្ជាក់យ៉ាងច្បាស់ថា កីឡាករដែលមានសមត្ថភាពពិត ទើបអាចដណ្ដើមខ្សែរក្រវ៉ាតមាសពីសង្វៀន ថោន បាន មិនមែនវៃលំៗ អាចយកបាននោះទេ ព្រោះត្រូវជម្រុះត្រៀមទៅប្រកួត ជាមួយក្រុមកីឡាករបរទេស មានរហ័សនាម ពិឃាត (Killer) ចំនួន៤ប្រទេសផ្សេងទៀត ដើម្បីមកដណ្ដើមខ្សែរក្រវ៉ាតមាស លំដាប់ពិភពលោក វាមិនមែនជារឿងងាយនោះទេ។

លោក សុខ វិចិត្រ នាយកពាណិជ្ជកម្មក្រុមហ៊ុន ISI STEEL បានសម្ដែងនៅសេចក្តីរីករាយ ចំពោះកម្មវិធី «អធិរាជគុនខ្មែរ ISI PIPE-ISI PALM» ជាការចូលរួមបន្ថែមទៀត ដើម្បីលើកម្ពស់កីឡាប្រដាល់សេរីគុនខ្មែរ ពិសេសត្រៀមខ្លួន ឈានទៅកាន់ស៊ីហ្គេម នៅឆ្នាំ២០២៣ខាងមុខ។ ជាងនេះទៅទៀតលោកថា ក្រុមហ៊ុន ISI STEEL បានផ្ដោតសំខាន់ ទៅលើគោលការណ៍បីសំខាន់ គឺវិស័យកីឡា វិស័យសុខាភិបាល និងវិស័យអប់រំ ដូចនេះក្រុមហ៊ុនតែងតែចូលរួម ជាបន្តបន្ទាប់។ ប្រសិនបើកម្មវិធី មានការគាំទ្រ ក្រុមហ៊ុននិងបន្តសហការ ជាមួយទូរទស្សន៍ថោន បន្តទៀត។

ឆ្លើយនឹងសំនួរ របស់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន​ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា​​ ប្រដាល់សេរីគុនខ្មែរ ថា ចំពោះកីឡាករណា ដែលមិនទទួលខុសត្រូវ ចំពោះភារៈកិច្ច នៅក្នុងការប្រកួតរបស់ខ្លួននោះ នឹងត្រូវដាក់ពិន័យតាមច្បាប់ របស់សហព័ន្ធផងដែរ។

សូមជម្រាបថា អ្នកប្រដាល់សេរីគុនខ្មែរ ៨រូប ត្រូវចូលរួមប្រកួតក្នុងរដូវកាលទី១ មាន៖ ឈុត សេរីវណ្ណថង, ម៉ន សាម៉េត, វ៉ាន់ វឿន, សេក ចៅជូត, អ៊ួច ធារិទ្ធ, អេលីត ចំរើន, ជ័រ ពៅ និង ចាន់ សំអាត។ ម្ចាស់ជើងឯករដូវកាលទី១ និងរដូវកាលទី២ នឹងទទួលបានប្រាក់រង្វាន់ ២៤លានរៀល ខណៈម្ចាស់ខ្សែក្រវាត់មាស​ ទទួលបាន៤០លានរៀល។

គួរឲ្យដឹងថា កម្មវិធី «អធិរាជគុនខ្មែរ ISI PIPE-ISI PALM នឹងចាប់ផ្ដើមជាផ្លូវការចាប់ពីថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង១១ថ្ងៃត្រង់តទៅ ។

សូមបញ្ជាក់ផងដែរថា ក្នុងសន្និសីទសារព័ត៌មាន បើកសង្វៀនថ្មី «អធិរាជគុនខ្មែរ ISI PIPE-ISI PALM» នេះ មានការចូលរួមជាអធិបតីពី៖ លោកស្រីឧកញ៉ា ជួប មាន អគ្គនាយិការក្រុមហ៊ុនថោន, លោក គឹម ស្រ៊ុនកុសល តំណាងគណៈកម្មកា ប្រដាល់ពិភពលោក ចំនួន ៣ស្ថានប័នធំ Mas Fight World, International Professional Combat Council (IPCC), Rise ប្រចាំកម្ពុជា និងជាទីប្រឹក្សាក្រុមហ៊ុន ថោន គ្រុប, លោក សុខ វិចិត្រ នាយកផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុន ISI STEEL​ និងលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ តំណាងគណៈកម្មកា ប្រដាល់ពិភពលោក ប្រចាំកម្ពុជា៕

Most Popular

To Top