កីឡា

លោកថោង ខុន ដឹកនាំប្រតិភូចូល រួមបង្ហូតទង់ជាតិ បង្ហាញពីការ ត្រៀមខ្លួនរួចរាល់ ដើម្បីស៊ីហ្គេម នៅហ្វីលីពីន

ម៉ានីល៖ លោកថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងលោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមទាំងកីឡាករ-កីឡាការិនីកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ បានចូលរួមពិធីបង្ហូតទង់ជាតិ និងគោរពភ្លេងជាតិ នៃព្រះរាជាណាចក្រកកម្ពុជា ជាមួយបណ្ដាប្រទេសអាស៊ាន ១០ទៀត ដើម្បីបង្ហាញពីការទៅដល់ និងការត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន។

ការចូលរួមពិធីបង្ហូតទង់ជាតិ និងគោរពភ្លេងជាតិនេះ បានធ្វើឡើងនៅភូមិកីឡា នាទីក្រុង New Clark បន្ទាប់ពីលោករដ្ឋមន្ដ្រី បានដឹកនាំប្រតិភូ និងអត្តពលិក ៩ប្រភេទកីឡា ធ្វើដំណើរទៅដល់ហ្វីលីពីន ដោយសុវត្ថិភាព កាលពីម៉ោង ៤ទាបភ្លឺ កាលពីព្រឹកមិញ ។ កម្មវិធីនេះ ត្រូវបានកំណត់រៀបចំជារៀងរាល់ឆ្នាំ រាល់មុនពិធីបើកការប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ១ថ្ងៃ ជាក់ស្ដែងបន្ទាប់ពីរៀបចំពិធីខាងលើ នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកាស្អែក ហ្វីលីពីននឹងប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ជាផ្លូវការតែម្ដង ។

តាមការបញ្ជាក់របស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយបេសកកម្ម បានឲ្យដឹងថា បន្ទាប់ពីចូលរួមកម្មវិធីខាងលើ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកាស្អែក លោកថោង ខុន និងលោក ស សុខា នឹងធ្វើការជួបសំណេះសំណាល ក៏ដូចជាផ្ដល់អនុសាសន៍លើកទឹកចិត្តលើកដល់កីឡាករ-កីឡាការិនីកម្ពុជា ដែលបានទៅដល់ប្រទេសហ្វីលីពីន មុនថ្នាក់ដឹកនាំ ប្រតិភូ និងកីឡាករ-កីឡាការិនីកម្ពុជាទាំងអស់ ត្រូវចូលរួមពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ផ្លូវការ នៅល្ងាចថ្ងៃដដែល ។

សូមរំឭកថា បេសកកម្មស៊ីហ្គេមឆ្នាំនេះ ព្រះរាជាណាចក្រកម្ពុជានឹងបញ្ជូនកីឡាសរុប ៣១ប្រភេទទៅចូលរួម ខណៈបច្ចុប្បន្នមានកីឡា ១២ប្រភេទហើយ ដែលបានទៅដល់ហ្វីលីពីន ហើយប្រភេទកីឡានៅសល់ នឹងបន្ដ ចេញដំណើរជាបន្ដបន្ទាប់ ស្របពេលការប្រកួត នឹងចាប់ផ្ដើមផ្លូវការពីថ្ងៃទី៣០-វិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូខាងមុខ ។ ប៉ុន្ដែគិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកានេះ កម្ពុជាមានកីឡា ២ប្រភេទហើយ ដែលបានធ្វើការប្រកួត រួមមាន ក្រុមបាល់ទាត់ជម្រើសជាតិ U22 កម្ពុជា និងក្រុមបាល់ទះឆ្នេរខ្សាច់ ដែលត្រូវធ្វើការប្រកួតល្ងាចនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top