ព័ត៌មានអន្តរជាតិ

អាមេរិក និងរុស្ស៊ី កំណត់ធ្វើកិច្ចពិភាក្សា សន្តិសុខ នៅខែមករា ស្របពេលមានភាពតានតឹង ជុំវិញរឿងអ៊ុយក្រែន

បរទេស ៖ មន្ត្រីនាំពាក្យឲ្យរដ្ឋបាល របស់លោក បៃដិន មួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹង នៅថ្ងៃចន្ទសប្ដាហ៍នេះថា មន្ត្រីសហរដ្ឋអាមេរិក និងរុស្ស៊ី នឹងចូលរួមក្នុងកិច្ចពិភាក្សាសន្តិសុខ នៅថ្ងៃទី១០ ខែមករា ស្របពេល ដែលប្រទេសទាំងពីរ ប្រឈមមុខនឹងភាពតានតឹង កើនឡើង ជុំវិញបញ្ហាអ៊ុយក្រែន ។

មន្ត្រីនាំពាក្យអាមេរិករូបនោះ បាននិយាយ ប្រាប់បន្តទៀតថា ប្រទេសរុស្ស៊ីនិងអង្គការសម្ពន្ធមិត្ត យោធាណាតូ ក៏នឹងទំនឹងជាកំណត់ ធ្វើកិច្ចពិភាក្សាគ្នា នៅថ្ងៃទី១២ ខែមករាផងដែរ ស្របពេលកិច្ចប្រជុំ កាន់តែធំមួយ ដែលរួមមានការចូលរួម ដោយ ទីក្រុងមូស្គូ ទីក្រុងវ៉ាស៊ីនតោន និងបណ្ដាប្រទេសអឺរ៉ុបមួយ ចំនួននោះ កំណត់ធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ។

មន្ត្រីនាំពាក្យឲ្យក្រុមប្រឹក្សាសន្តិសុខជាតិ របស់សេតវិមាន ដែលបដិសេធមិនបញ្ចេញឈ្មោះ បាននិយាយដូច្នេះថា “នៅពេលយើង អង្គុយពិភាក្សាគ្នា ប្រទេសរុស្ស៊ី អាចនឹងលើកឡើងពីក្តីព្រួយបារម្ភ របស់ខ្លួន ហើយយើងនឹងលើកឡើងនូវក្តីព្រួយបារម្ភ របស់យើង ចំពោះទង្វើរបស់រុស្ស៊ីផងដែរ” និងបានបន្ថែមថា គ្មានការសម្រេចចិត្តត្រូវបានធ្វើឡើង ស្តីពីអ៊ុយក្រែន ដោយគ្មានប្រទេសអ៊ុយក្រែន ចូលរួមនោះទេ ។

គួរបញ្ជាក់ថា ទីក្រុងមូស្គូ ដែលបានធ្វើឲ្យបណ្ដាប្រទេស លោកខាងលិច មានក្តីព្រូយបារម្ភ ដោយការប្រមូលផ្តុំកងទ័ពនៅជិតប្រទេសអ៊ុយក្រែននោះ បានចេញសំណើសន្តិសុខមួយ ដែលខ្លួនចង់បាន ដើម្បីធ្វើការចរចា ដោយរួមបញ្ចូលទាំងការសន្យាថា អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង គឺណាតូ នឹងបោះបង់ចោល សកម្មភាពយោធា នៅក្នុងតំបន់អឺរ៉ុបភាគខាងកើត និងប្រទេសអ៊ុយក្រែន ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top