បរទេស៖ ប្រភពមួយបានប្រាប់ Sputnik នៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ី បានធ្វើការសាកល្បងជាប្រចាំ នូវប្រព័ន្ធការពារប្រឆាំងមីស៊ីល S-500 នៅក្នុងតំបន់អាក់ទិករបស់ខ្លួន ប៉ុន្តែគំរូនៃប្រព័ន្ធការពារ ប្រឆាំងមីស៊ីល S-550 មិនទាន់ត្រូវបានបង្កើតឡើង នៅឡើយទេ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក តាមប្រភពព័ត៌មានថា «ការធ្វើតេស្តជាប្រចាំ នៃប្រព័ន្ធការពារប្រឆាំងមីស៊ីល S-500 ត្រូវបានធ្វើឡើងនាពេលថ្មីៗនេះ នៅតំបន់អាក់ទិក។ ការបាញ់បង្ហោះមីស៊ីលរយៈចម្ងាយឆ្ងាយ របស់ប្រព័ន្ធនេះ គឺសំដៅប្រឆាំងនឹងគោលដៅ ដែលមានល្បឿនលឿនជាងសំឡេង គោលដៅត្រូវបានបំផ្លាញចោល ដោយជោគជ័យ។ ការធ្វើតេស្តបន្ថែមទៀតនៃ S-500 នឹង ត្រូវធ្វើឡើងផងដែរ»។
ប្រភពបានបន្ថែមថា ការសាកល្បងប្រព័ន្ធការពារប្រឆាំងមីស៊ីល S-550 មិនទាន់ត្រូវបានដាក់ឱ្យដំណើរការនៅឡើយទេ ដោយសារគំរូនៅតែស្ថិត ក្នុងដំណាក់កាលអភិវឌ្ឍន៍នៅឡើយ។
កាលពីខែកញ្ញា ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Yuri Borisov បាននិយាយថា រុស្ស៊ី បានបញ្ចប់ការសាកល្បងរដ្ឋ នៃប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ S-500 ថ្មី ដោយសំណុំទីមួយត្រូវបានប្រគល់ជូន ដល់កងកម្លាំងប្រដាប់អាវុធ របស់ប្រទេស៕ ប្រែសម្រួលៈ ណៃ តុលា