ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការលើកទី៣ គ្រោងនឹងដំណើរការជាផ្លូវការចាប់ពីថ្ងៃទី០៥- ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង ខណៈពិធីបើកជាផ្លូវការ នឹងប្រារព្ធធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦ល្ងាច ថ្ងៃទី០៧ ខែវិច្ឆិកា ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។

សេចក្តីប្រកាសព័ត៌មាន ចេញកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មា ធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិទាំង៣២ នឹងរៀបចំការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាដើម្បីឯកភាពជាតិ” ។

ការប្រកួតកីឡាជាតិលើកទី៥ មានកីឡាចំនួន ៣២ប្រភេទ ស្មើនឹង ២៥៨វិញ្ញាសា ខណៈការប្រកួតកីឡាជាតិជនពិការ លើកទី៣ មានកីឡាចំនួន ១០ប្រភេទ ស្មើនឹង ៤៦វិញ្ញាសា។ ប្រតិភូ គ្រូបង្វឹក កីឡាករ និងកីឡាការិនីចូលរួមប្រមាណ ៤ ៧៧៣នាក់ មកពីរាជធានី-ខេត្តទាំង២៥ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ ការប្រកួតនេះមានគោលបំណងវាស់ស្ទង់ និងអភិវឌ្ឍគុណផលកីឡា ផ្តល់បទពិសោធន៍ ដល់កីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេស ពង្រឹងសមត្ថភាពសហព័ន្ធកីឡាជាតិ ក្នុងការរៀបចំការប្រកួតតាមស្តង់ដា ព្រមទាំងត្រៀម លក្ខណៈសម្រាប់កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨ (AUG) ។

ពិធីបើកនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៨:០០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងមានកម្មវិធីអុជកាំជ្រួចអបអរសាទរផងដែរ។ ចំពោះពិធីបិទនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៨:០០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។

ក្នុងការរៀបចំព្រឹត្តិការណ៍នេះ ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ នឹងចូលរួមគាំទ្រ និងយកចិត្តទុកដាក់លើការថែរក្សាសុខភាព និងសុវត្ថិភាពរបស់អ្នកចូលរួមនៅតាមទីលានប្រកួត និងកន្លែងស្នាក់នៅ។ ជាមួយគ្នានេះ ក៏មានការចូលរួមគាំទ្រពីវិស័យឯកជន ដែលជាកម្លាំងសំខាន់ក្នុងការលើកកម្ពស់ និងអភិវឌ្ឍវិស័យកីឡាកម្ពុជាឱ្យកាន់តែរីកចម្រើន។ ក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងបណ្តាសារព័ត៌មានទាំងអស់ ដែលបានចូលរួមផ្សព្វផ្សាយ គាំទ្រ និងជំរុញការអភិវឌ្ឍវិស័យកីឡាកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន និងប្រកបដោយនិរន្តរភាព៕

