ភ្នំពេញ ៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានសហការជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: រៀបចំពិធីដង្ហែក្បួន ព្រលឹងគុនល្បុក្កតោ ចេញពីផ្សាររាត្រី ឆ្ពោះទៅមុខវត្តឧណ្ណាលោម ដើម្បីអបអរសាទរខួបលើកទី៤ នៃការដាក់បញ្ចូល «គុនល្បុក្កតោ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការ UNESCO នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះនៅតាមបណ្ដោយផ្លូវថ្មើជើងចតុមុខ។

សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានរៀបចំកម្មវិធីអបអរសាទរខួបលើកទី៥ នៃការចុះបញ្ជី «គុនល្បុក្កតោ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ UNESCO។ កម្មវិធីនឹងរៀបចំឡើងនៅតាមបណ្តោយមាត់ទន្លេ ដោយមានការដង្ហែក្បួនគុនល្បុក្កតោ ចាប់ពីផ្សាររាត្រី រហូតដល់វត្តឧណ្ណាលោម។

ការរៀបចំពិធីអបអរសាទរនេះ មិនមែនគ្រាន់តែជាការប្រារព្ធ ពិធីរំលឹកខួបប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍វប្បធម៌ ដ៏មានអត្ថន័យ ដែលផ្សារភ្ជាប់រវាងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលនៃក្បាច់គុនបុរាណខ្មែរ។ ព្រឹត្តិការណ៍នេះគួរត្រូវបានរៀបចំឡើងដើម្បី អភិរក្សអត្តសញ្ញាណវប្បធម៌ជាតិ បំផុសស្មារតីយុវជន ផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក និងជំរុញការអភិវឌ្ឍគុនល្បុក្កតោ ប្រកបដោយចីរភាព។

សូមគោរពអញ្ជើញពុកម៉ែបងប្អូនទាំងអស់គ្នា ចូលរួមទស្សនាឲ្យបានច្រើនកុះករដោយសេរី និងអាចចូលរួមដង្ហែក្បួន ជាមួយកីឡាករ កីឡាការិនីរបស់យើងបានផងដែរ! គុនល្បុក្កតោ មោទនភាពជាតិ អត្តសញ្ញាណខ្មែរ និងជាមរតកវប្បធម៌សម្រាប់មនុស្សជាតិ៕



