កីឡា

លោកស្រី ជួប វិច្ឆិកា ៖ ការបរិច្ចាគកាបូបស្ពាយ Aircrafted KIDS ចំនួន ៦៤៤ របស់ Emirates ដល់កុមាររបស់អង្គការផ្កាយសមុទ្រ ជាការជួបដល់វិស័យអប់រំ និងគ្រួសារកំពុងជួបការលំបាក

ភ្នំពេញ ៖ អង្គការផ្កាយសមុទ្រ ជាអង្គការមួយដែលបានចូលរួមចំណែកសង្គមផ្តោតទៅលើវិស័យអប់រំ និងវិស័យកីឡាបាល់ទាត់យ៉ាងសកម្ម នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ អង្គការផ្កាយសមុទ្រ ទទួលបានការបរិច្ចាគកាបូបស្ពាយ Aircrafted KIDS ចំនួន ៦៤៤ កាបូប និងសម្ភារៈសិក្សាដល់ប្អូនៗកុមារ ពីក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលកំពុងសិក្សាក្នុងអង្គការ និងតាមបណ្តាសាលារៀនរដ្ឋជាច្រើន។

ការបរិច្ចាគនេះជាផ្នែកមួយនៃគំនិតផ្តួចផ្តើម Aircrafted KIDS របស់ក្រុមហ៊ុន Emirates យកសម្ភារៈ ដែលប្រើប្រាស់ហើយទៅកែច្នៃ និងផលិតជាកាបូបស្ពាយ ដើម្បីរួមចំណែកជួយដល់ប្អូនៗកុមារ និងសហគមន៍ដែលជួបការលំបាក ។ ក្នុងកាបូបស្ពាយទាំងនេះ ក៏មាននូវសម្ភារៈសិក្សាចាំបាច់ ដូចជាប៊ិច ខ្មៅដៃ និងសៀវភៅសរសេរផង។

លោកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រ បានប្រាប់ឲ្យដឹងថា ការបរិច្ចាគនេះត្រូវបានប្រគល់ជូនដោយលោក Fahad Al Hassawi ប្រធានគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន Emirates ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកអង្គការផ្កាយសមុទ្រ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ។ សម្រាប់អង្គការផ្កាយសមុទ្រការបរិច្ចាគនេះនឹងជួយផ្គត់ផ្គង់សម្ភារៈសិក្សាចាំបាច់ដល់សិស្សានុសិស្ស ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃការធានាឲ្យកុមារមានធនធានគ្រប់គ្រាន់ ដើម្បីអាចចូលរួមក្នុងការសិក្សាបានយ៉ាងពេញលេញ។

សម្រាប់គ្រួសារដែលកំពុងជួបការលំបាក ការទទួលបានសម្ភារៈចាំបាច់ប្រចាំថ្ងៃទាំងនេះ អាចជួយសម្រាលបន្ទុកចំណាយមួយចំនួន ដែលពាក់ព័ន្ធនឹងការបញ្ជូនកូនទៅសាលារៀន ។ ការអប់រំគឺជាស្នូលនៃការងាររបស់អង្គការផ្កាយសមុទ្រ ។ កម្មវិធីអប់រំរបស់អង្គការគាំទ្រប្អូនៗកុមារដែល មិនធ្លាប់បានចូលរៀន ឬបានបោះបង់ការសិក្សា ដោយផ្តល់ឱកាសឲ្យពួកគេរៀន បំពេញចំណេះ ដឹងដែលខកខាន ដើម្បីអាចរៀនទាន់មិត្តភក្តិ និងវិលត្រឡប់ចូលក្នុងប្រព័ន្ធអប់រំផ្លូវការវិញ ។ តាមរយៈកម្មវិធីសិក្សាបែបពន្លឿន សិស្សអាចបញ្ចប់ការសិក្សាពីរថ្នាក់ក្នុងរយៈពេលមួយឆ្នាំ មុនពេលផ្ទេរទៅសាលារដ្ឋ ដោយចូលរៀនតាមកម្រិតថ្នាក់ដែលសមស្របនឹងអាយុរបស់ពួកគេ។

លោកស្រីប្រធានអង្គការផ្កាយសមុទ្រ បានបន្តថា ក្រៅពីការសិក្សាក្នុងថ្នាក់រៀន អង្គការផ្កាយសមុទ្រក៏ផ្តល់ជាឯកសណ្ឋានសាលា សម្ភារៈសិក្សា អាហារ និងសេវាថែទាំសុខភាព ដើម្បីដោះស្រាយឧបសគ្គនានាដែលអាចរារាំងកុមារមិនឲ្យទទួលបានការអប់រំ និងបញ្ចប់ការសិក្សា ។ កម្មវិធីនេះក៏ផ្តល់ការគាំទ្របន្ថែមដល់គ្រួសារ តាមរយៈគម្រោងផ្សេងៗដែលមានគោលបំណងកាត់បន្ថយសម្ពាធផ្នែកហិរញ្ញវត្ថុ និងជួយឱ្យកុមារអាចបន្តការសិក្សាបាន ។

ជារៀងរាល់ឆ្នាំកម្មវិធីអប់រំ របស់អង្គការផ្កាយសមុទ្រគាំទ្រសិស្សប្រមាណ ៨០០ នាក់ចាប់ពីកម្រិតបឋមសិក្សា មធ្យមសិក្សា រហូតដល់ឧត្តមសិក្សា ដោយជួយពួកគេកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគតដ៏ភ្លឺស្វាង និងមានស្ថេរភាពជាមុន ។ ពិធីប្រគល់សម្ភារៈនេះ បានជួបជុំតំណាងមកពីក្រុមហ៊ុន Emirates និងអង្គការផ្កាយសមុទ្រ ដើម្បីអបអរសាទរការបរិច្ចាគនេះ និងបង្ហាញពីសារៈសំខាន់នៃការសហការគ្នាក្នុងការគាំទ្រការអប់រំ និងសុខុមាលភាពរបស់កុមារ ។

លោកស្រី ជួប វិច្ឆិកា បានបញ្ជាក់ថា គំនិតផ្តួចផ្តើម Aircrafted KIDS របស់ក្រុមហ៊ុន Emirates បានផ្តល់ការគាំទ្រដល់សាលារៀន និងអង្គការសហគមន៍នានា ដែលជួយដល់កុមារនៅទ្វីបអាហ្វ្រិក អាស៊ី និងតំបន់មជ្ឈិមបូព៌ា ។ ជាផ្នែកមួយ នៃយុទ្ធសាស្ត្រលើកកម្ពស់ ការប្រើប្រាស់ធនធានប្រកបដោយការទទួលខុសត្រូវ និងកាត់បន្ថយកាកសំណល់ ក្រុមហ៊ុន អាកាសចរណ៍នេះបានប្តេជ្ញាចិត្តយកសម្ភារៈពីយន្តហោះចំនួន ២១៩ គ្រឿង ដែលកំពុងស្ថិតក្នុងដំណើរការកែលម្អផ្នែកខាងក្នុងកាប៊ីនអ្នកដំណើរ មកកែច្នៃប្រើប្រាស់ឡើងវិញ ។ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន Emirates បានបរិច្ចាគ កាបូបស្ពាយ Aircrafted ជាង ៤.០០០ កាបូប ដែលផលិតពីសម្ភារៈ ក្នុងកាប៊ីនយន្តហោះទៅកាន់ប្រទេសជាង ១០ ដោយផ្តល់សម្ភារៈប្រើប្រាស់ជាក់ស្តែងសម្រាប់គាំទ្រដល់ការសិក្សារបស់សិស្សានុសិស្ស ៕

Most Popular

To Top