កីឡា

លោក ប៉ុន សុខ ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនៈភាព​​ ការងាររបស់មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡាឆ្នាំ២០២៦ និងបន្តលើកទិសដៅ ការងារឆ្នាំ២០២៧

ភ្នំពេញ ៖ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ទទួលបន្ទុកលើការអនុវត្តការងារ របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងាររបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឆ្នាំ២០២៦ និងពិនិត្យតាមដានការងាររបស់អនុរក្សក្នុងការហាត់ហ្វឹកហ្វឺនក្រុមកីឡាជម្រើសជាតិ ក្រុមយុវជនថ្នាល និងក្រុមកីឡាជនពិការ តាមប្រភេទកីឡានីមួយៗដែលកំពុងហ្វឹកហាត់ក្នុងមណ្ឌលប្រមូលផ្តុំ និងតាមសហព័ន្ធកីឡាជាតិ និងត្រៀមការប្រមូលផ្តុំក្រុមជម្រើសជាតិនិងក្រុមយុវជនថ្នាល ឆ្នាំ២០២៧ ដើម្បីត្រៀមលក្ខណៈសម្រាប់ចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៤ ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី និងការប្រកួតជាលក្ខណៈអន្តរជាតិនានា។

អង្គប្រជុំបានពិនិត្យ វាយតម្លៃ និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តការងាររបស់របស់អង្គភាព និងបញ្ហាប្រឈម ព្រមទាំងពិនិត្យស្ថានភាពនៃការហាត់ហ្វឹកហ្វឺន ការគ្រប់គ្រងកីឡាករ និងកីឡាការិនីជម្រើសជាតិ ក្រុមកីឡាជនពិការ លើការងារហាត់ហ្វឹកហ្វឺន ការស្នាក់នៅ ហូបចុក ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការត្រៀមខ្លួនចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនានា។

មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ជាសេនាធិការឱ្យក្រសួងអប់រំ យុវជន និងកីឡា ដែលបានប្រមូលផ្តុំក្រុមជម្រើសជាតិ ដោយសារមានយន្តការគ្រប់គ្រង ការដឹកនាំ ការកំណត់ចំនួនគ្រូបង្វឹក គ្រូជំនួយ អត្តពលិក និងមានផែនការហ្វឹកហាត់ច្បាស់លាស់ បានធ្វើឱ្យការប្រមូលផ្តុំក្រុមជម្រើសជាតិទទួលបានជោគជ័យ និងលទ្ធផលល្អ ជាពិសេសការចូលរួមប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់លើកទី៦ នៅប្រទេសចិន និងការប្រកួតកីឡាអាស៊ីហ្គេមលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុង Nagoya ប្រទេសជប៉ុន មានការកើនឡើងនូវចំនួនមេដាយគួរឱ្យកត់សម្គាល់ បើទោះបីជាយើងបានបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិមានចំនួនតិចជាងកាលពីការចូលរួមប្រកួតកីឡាអាស៊ីហ្គេមលើកទី១៩ នៅទីក្រុង Hangzhou ឆ្នាំ២០២២ ប្រទេសចិន និងការប្រកួតជាលក្ខណៈអន្តរជាតិនានា។

នៅក្នុងឱកាសនោះ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ក៏បានផ្តល់អនុសាសន៍ដល់គ្រប់ការិយាល័យទាំងអស់ ទាំងថ្នាក់ដឹកនាំអង្គភាព និងមន្ត្រី ត្រូវពង្រឹងសមត្ថភាពការងារ ត្រូវមានគោលការណ៍ណែនាំច្បាស់លាស់លើឯកសារគតិយុត្តសម្រាប់យកទៅប្រើប្រាស់ក្នុងការអនុវត្តពេលប្រមូលផ្តុំក្រុមជម្រើសជាតិទៅសហព័ន្ធកីឡាជាតិ បន្តពង្រឹងកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាព ត្រូវយកចិត្តទុកដាក់ខ្ពស់លើយន្តការនៃការគ្រប់គ្រង រាល់ឯកសាររដ្ឋបាលផ្សេងៗត្រៀមប្រមូលផ្តុំឆ្នាំ២០២៧ សហព័ន្ធនីមួយៗត្រូវបញ្ជូនឯកសារប្រមូលផ្តុំមកអង្គភាពជំនាញតាមរយៈការចុះក្នុងប្រព័ន្ធទិន្នន័យ (Data Base) របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដើម្បីធ្វើឱ្យការប្រមូលផ្តុំទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

Most Popular

To Top