ភ្នំពេញ៖នាថ្ងៃទី២៥ ខែវិច្ឆិកានេះ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងជាប្រធានសហព័ន្ធកីឡាវ៉ូវីណាម អាស៊ីអាគ្នេយ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំមន្ដ្រីបច្ចេកទេស ដើម្បីត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី៦ ឆ្នាំ២០២៦ (the 6th Asian Vovinam Championship 2026) ដែលប្រព្រឹត្តិទៅចាប់ពីចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ឆ្នាំ២០២៦ នៅវិមានក្នុងហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា ក្នុងអង្គប្រជុំបានពិភាក្សាលើកការប្រកួត ដោយគណៈប្រតិភូទំាង ១០ ការប្រកួតមិនត្រូវផ្តោត លើការឈ្នះចាញ់ឡើយ អ្វីដែលសំខាន់នោះ មិត្តភាព និងសាមគ្គីភាពរវាងអត្តពលិក នឹងអត្តពលិកវ៉ូវីណាម និងពីប្រទេសមួយទៅប្រទេសមួយ ជាពិសេសក្នុងមហាគ្រួសារវ៉ូវីណាម។

ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី៦ ឆ្នាំ២០២៧ (the 6th Asian Vovinam Championship 2027) ប្រទេសហ្វីលីពីន នឹងធ្វើម្ចាស់ផ្ទះ ហើយព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍វិញ ប្រទេសមីយ៉ាន់ម៉ានឹងធ្វើម្ចាស់ផ្ទះដែរ។

ព្រឹត្តិការណ៍នៃការប្រកួតជ្រើសរើសជើងឯកកីឡាវ៉ូវីណាមទ្ធីបអាស៊ីលើកទី៦ ឆ្នាំ២០២៦ និងចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ មានក្រុមគណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីអន្តរជាតិចូលរួម ប្រហែល ២៣០ នាក់ ក្នុងនោះកីឡាករកីឡាការិនីកម្ពុជា ៥៤ នាក់។

បញ្ជាក់៖ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី” លើកទី៦ ឆ្នាំ២០២៦ (the 6th Asian Vovinam Championship 2026) ត្រៀមពិធីបើកជាផ្លូវការនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះក្រោមអធិបតីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា “ស.ស.យ.ក” ដែលនឹងប្រព្រឹត្តទៅនៅវិមានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ៕




