កីឡា

កម្មវិធីគុណតម្លៃ អូឡាំពិក ធ្វើដំណើរ មកដល់អនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែនផ្សារដើមថ្កូវ

ភ្នំពេញ ៖ កម្មវិធីគុនតម្លៃអូឡាំពិក ត្រូវបានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា “NOCC” រៀបចំឡើង នៅអនុវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ផ្សារដើមថ្កូវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ ដោយព្រឹត្តិការណ៍នេះ មានការចូលរួមពីសិស្សានុសិស្ស ប្រមាណជាជាង៥០នាក់ ទទួលនូវចំណេះដឹង ពីចលនាអូឡាំពិក គុណប្រយោជន៍ នៃការលេងកីឡា ក៏ដូចជាបញ្ជ្រាបការផ្សព្វផ្សាយ ពីដំណើរ របស់កម្ពុជា ឆ្ពោះទៅទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។

នេះជាបេសកកម្មមួយ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលនេះជាលើកទី៥ហើយ នៃយុទ្ធនាការ គណៈកម្មាធិការអូឡាំពិកកម្ពុជា មានគម្រោងផ្សព្វផ្សាយ ចំនួន៨លើក ហេតុនេះសម្រាប់ ឆ្នាំ២០២២នេះ នៅបេសកកម្មចំនួន៣ លើកទៀត ចំណែកអ្វីដែលកម្ពុជា ផ្សព្វផ្សាយនោះគឺក្រៅពីបញ្ជ្រាប ឲ្យសិស្សានុសិស្សស្វែងយល់ពីគុណតម្លៃអូឡាំពិក ស្វែងយល់ពីស៊ីហ្គេម ។

លោក ប៊ុយ សុភ័ណ្ឌ ជាវាគ្មិនមួយរូបនោះបានថ្លែងថា សម្រាប់សម្រាប់ទឹសស្លោក របស់អូឡាំពិកនោះ គឺកម្ពុជាស្អាត កីឡានាំមកនូវសន្តិភាព ប្រជាជនម្នាក់លេងកីឡាមួយមុខ រួមនឹងការកាត់បន្ថយគ្រោះថ្នាក់ចរាចរ ។ រីឯ លោក ញ៉ាន សុខវិសាល ជាវាគ្មិនមួយរូបដែរ នោះបានកត់សម្គាល់ថា សិស្សានុសិស្សបានស្វែង ដោយយកចិត្តទុកដាក់រួមទាំងបានបង្ហាញ ពីចេតនា នៃការចូលរួមក្នុងសកម្មស៊ីហ្គេមទៀតផង ។

នេះជាឆ្នាំទី២ ដែលអនុវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ផ្សារដើមថ្កូវ សហការជាមួយ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា រៀបចំកម្មវិធីគុណតម្លៃ អូឡាំពិកនេះឡើង ដើម្បីបញ្ជ្រាបចំណេះដឹង ពីចលនាអូឡាំពិក និងការផ្សព្វផ្សាយឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣នៅកម្ពុជា ។

បើតាមការឲ្យដឹងពីលោកនាយកអនុវិទ្យាល័យបន្ថែមថា សាលារបស់លោកមានកម្មវិធី កីឡា២ម៉ោង ក្នុង១សប្តាហ៍ ពីព្រោះការ អប់រំនិងកីឡា បានផ្សារភ្ជាប់គ្នា ដើម្បីឆ្ពោះទៅគោលដៅ ស៊ីហ្គេមអាស៊ាន ប៉ារ៉ាហ្គេមឆ្នាំ២០២៣ខាងមុខ ។ នៅក្នុងការបញ្ជ្រាបចំណេះដឹង ពីគុណតម្លៃអូឡាំពិកឆ្នាំទី២ នេះលោកនាយកបានអះអាងថា គ្រាន់តែឮថាខាងNOCCចុះមករៀបចំកម្មវិធីនេះ គឺសិស្សានុសិស្សមានក្តីសោមនស្សរីករាយ ខ្លាំងណាស់ ដែលបានចូលរួមស្វែង យល់ពីចំណេះដឹង គុណតម្លៃអូឡាំពិក ។

លោកអះអាងថាសិស្សានុសិស្ស ចង់ចួលរួម ច្រើនណាស់ ប៉ុន្តែលោកបានដកចេញខ្លះ ដោយសារក្នុងបរិបទជំងឺកូវីដ-១៩ ការចូលរួមត្រូវបានកំណត់ចំនួន ដើម្បីបង្ការលើបញ្ហានេះ ។ លោកនាយកបានថ្លែងអំណរ គុណ ចំពោះការបង្រៀន របស់ក្រុមគ្រូឧទ្ទេសមកពី គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ហើយលោកនឹងត្រៀម សិស្សានុសិស្សទាំងអស់បានចូលរួមគាំទ្រ និងការលេងកីឡាម្នាក់ ឲ្យបាន១មុខ ក្នុងដំណើរឆ្ពោះទៅរៀបចំការ ប្រកួតកីឡាស៊ីហ្គេមនិងអាស៊ាន ប៉ារ៉ាហ្គេមឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាយើង ឲ្យទទួលបានជោគជ័យទៀតផង ៕ដោយ៖លី ភីលីព

Most Popular

To Top