កីឡា

ក្រុមអត្តពលិក១១២នាក់ ចូលរួមការប្រកួត ហែលទឹក ជើងឯកកីឡាថ្នាក់ជាតិ ឆ្នាំ២០២១ នៅខេត្តបាត់ដំបង

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំឆ្នាំ២០២២ សហព័ន្ធខ្មែរកីឡាហែលទឹកបើកកិច្ចប្រជុំ គណៈកម្មការបច្ចេកទេស ត្រៀមព្រឹត្តិការណ៍ ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ និងអបអរសាទរពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលកីឡាហែលទឹកបាត់ដំបង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យបាត់ដំបងក្នុងខេត្តបាត់ដំបង។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា ការប្រកួតជើងឯកឆ្នាំនេះ យើងធ្វើឡើងមណ្ឌលកីឡាហែលទឹកបាត់ដំបង ដើម្បីផ្សព្វផ្សាយឲ្យប្រជាជន និងសិស្សានុសិស្សខេត្តបាត់ដំបង បានជ្រាប់ពីប្រភេទកីឡាហែលទឹក និងបង្កើធនធានមនុស្សសម្រាប់ខេត្តមួយនេះ។ ការប្រកួតមានក្រុមកីឡាករ-កីឡាការិនី និងគណៈប្រតិភូ គ្រូបង្វឹកចូលរួម១២៣នាក់ក្នុងនោះកីឡាករចំនួន ៧៤នាក់ កីឡាការិនី ៣៨ និងគ្រូបង្វឹក១១នាក់ មកពី៦ក្លិបរួមមានក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ក្លិបហែលទឹកក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបហែលទឹកក្រសួង មហាផ្ទៃ ក្លិបហែលទឹកក្រសួងព័ត៌មាន ក្លិបហែលទឹកនាគរាជខេត្តកំពង់ចាម និងក្លិបហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន ។ 

លោកបានបន្តថា ដោយមានការសហការរវាងសហព័ន្ធខ្មែរកីឡាហែលទឹក និងគណៈកម្មាធិការជាតិ ប៉ារ៉ាអូឡាំពិកកម្ពុជា ក្នុងនោះយើងក៏ធ្វើការប្រកួត កីឡាជនពិការជើងឯកថ្នាក់ជាតិ ២០២២ ដើម្បីជ្រើសរើសពួកគាត់ចូលរួម ជាមួយក្រុមជម្រើសជាតិ២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

គោលដៅនៃការរៀបចំ ការប្រកួតហែលទឹកជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅក្នុងមណ្ឌលហែលទឹកថ្មីនេះ ដើម្បីជាការតេស្តិ៍សាកល្បងនៃគុណភាព អាងហែលទឹកដែលទើបនឹងសាងសង់រួច សម្រាប់ការប្រកួតផង និងសម្រាប់ការហ្វឹកហាត់ផង។ អាងហែលទឹកខេត្តបាត់ដំបងនេះ បានចំណាយអស់ថវិកាប្រមាណ ២លានដុល្លារអាមេរិកអាចរៀបចំ ការប្រកួតកម្រិតជាតិ និងអាចប្រកួតកម្រិតអន្តរជាតិថ្នាក់តំបន់បាន។ 

លោកបានបន្ថែមទៀតថា ទន្ទឹមនេះ មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបងនេះ ត្រូវបានសាងសង់ឡើងស្របតាម ផែនការមេរបស់សហព័ន្ធកីឡាខ្មែរហែលទឹក ក្នុងការអភិវឌ្ឍ និងបណ្ដុះបណ្ដាល កីឡាករ-កីឡាការិនីឈុតធំ និងថ្នាល ដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍កីឡាថ្នាក់ខេត្ត ថ្នាក់ជាតិ និងការប្រកួតកីឡាSEA GAMES  ឆ្នាំ២០២៣ ផងដែរ៕

Most Popular

To Top