ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា ត្រូវសមាជិកសភា បក្សភឿថៃ ចោទថា បានចំណាយលុយ ៥លានបាត ទិញសន្លឹកឆ្នោត

បរទេស ៖ ការស៊ើបអង្កេត របស់ការិយាល័យលេខាធិការដ្ឋានសភា បានរកឃើញថា មិនមានហេតុផល ចំពោះការការ ចោទប្រកាន់ប្រឆាំង នឹងនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ដែលអះអាងថា លោកបានបង់ប្រាក់ចំនួន ៥លានបាត ដល់សមាជិកសភាមួយចំនួន ជាថ្នូរនឹងការបោះឆ្នោតគាំទ្រ របស់ពួកគេ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Sukij Atthopakorn ទីប្រឹក្សាប្រធានសភា បាននិយាយថា ការស៊ើបអង្កេតមិនបានរកឃើញភស្តុតាងណាមួយ ដែលគាំទ្រការអះអាង ពីសំណាក់លោក Wisarn Techathirawat សមាជិកសភាបក្សភឿថៃសម្រាប់ខេត្ត Chiang Rai នោះទេ ។

លោក Wisarn បានធ្វើការចោទប្រកាន់លោកប្រាយុទ្ធ ចាន់អូចា ក្នុងអំឡុងពេលជជែកដេញដោលដកទំនុកចិត្ត កាលពីថ្ងៃទី២ ខែកញ្ញា ដោយជំរុញឱ្យលោក Chuan បញ្ជាឱ្យមានការស៊ើបអង្កេត។

លោកបណ្ឌិត Sukij បាននិយាយថា គណៈកម្មាធិការ បានសម្ភាសលោក Wisarn ក្នុងចំណោមអ្នកផ្សេងទៀត ហើយបានពិនិត្យឯកសារ ដែលទាក់ទងនឹងការចូលសភា របស់ឧត្តមសេនីយ៍ ប្រាយុទ្ធ និងជំនួយការរបស់គាត់ ប៉ុន្តែរកមិនឃើញភស្តុតាង ដើម្បីគាំទ្រការចោទប្រកាន់នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top