បច្ចេកវិទ្យា

សេអ៊ូល៖ កូរ៉េខាងជើងបាញ់មីស៊ីលផ្លោង មានល្បឿនលឿន ជាងសម្លេងដល់ទៅ១០ដង


បរទេស៖យោធាកូរ៉េខាងត្បូង បាននិយាយថា ប្រទេសកូរ៉េខាងជើងនៅថ្ងៃអង្គារនេះ បានបាញ់តេស្តមីស៊ីលផ្លោងមួយគ្រាប់ ដែលមានល្បឿនលឿនជាងសម្លេងដល់ទៅ១០ដង ហើយការបាញ់នេះ គឺធ្វើឡើងក្រោយតិចជាងមួយសប្ដាហ៍ បន្ទាប់ពីប្រទេសកុម្មុយនិស្តនេះ បានបាញ់នូវអ្វីដែលខ្លួនអះអាងថា ជាអាវុធវាយប្រហារលឿនជាងសម្លេង។

អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល បាននិយាយក្នុងសារមួយថា កូរ៉េខាងជើងបានបាញ់មីស៊ីលនៅម៉ោង៧និង២៧នាទីព្រឹក ពីខេត្ត Jagang ស្ថិតនៅភាគខាងជើងប្រទេស ចូលទៅក្នុងសមុទ្រនៅចន្លោះកូរ៉េនិងជប៉ុន ហើយវាហោះហើរបានចម្ងាយជាង៤៣៥ម៉ាយ និងក្នុងរយៈកម្ពស់អតិបរិមា៣៧ម៉ាយ ជាអាវុធទំនើបជាងមីស៊ីលដែលបាញ់តេស្តកាលពីសប្ដាហ៍មុន។

ប្រទេសកូរ៉េខាងជើង បាននិយាយប្រាប់ថា ការតេស្តពីមុនរបស់ខ្លួន គឺជាមីស៊ីលលឿនជាងសម្លេង ជាការអះអាងមួយដែលយោធាកូរ៉េខាងត្បូង ក្រោយមកបានហៅថា ជាការបំផ្លើស។ វានៅមិនទាន់ប្រាកដទេថា ទីក្រុងព្យុងយ៉ាងសម្រេចបានបច្ចេកវិទ្យាផលិតអាវុធលឿនជាងសម្លេង ដែលមានសមត្ថភាពហោះបត់បែនកម្រិតខ្ពស់ និងអាចគេចពីប្រព័ន្ធការពារមីស៊ីលនោះ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ទីក្រុងសេអ៊ូលបាននិយាយប្រាប់ថា ខ្លួននៅតែធ្វើការវិភាគចំពោះមីស៊ីលនាថ្ងៃអង្គារនេះ ប៉ុន្តែបានបន្ថែមថា ខ្លួនអាចមានសមត្ថភាពដើម្បីការពារបាន៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top