បរទេស ៖ ស្របពេលមានកិច្ចពិភាក្សា កាត់បន្ថយភាពតានតឹង អស់រយៈពេលមួយសប្ដាហ៍ ស្តីពីសកម្មភាពរុស្ស៊ីលើអ៊ុយក្រែននោះ រដ្ឋបាលលោក បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានគម្រាម វិមានក្រឹមឡាំង អំពីផលវិបាកដ៏ធំ មិនធ្លាប់ជួបពីមុន ប្រសិនបើរុស្ស៊ីបន្តជ្រើយ យកការប្រឈមមុខដាក់គ្នា ហើយមិនជ្រើសយក វិធីការទូត និងការពិភាក្សាគ្នានោះ ។
ការព្រមាននេះ គឺត្រូវបានធ្វើឡើង នៅក្នុងអំឡុងពេលមួយសប្ដាហ៍ ដែលសហរដ្ឋអាមេរិក កំពុងតែចូលរួមក្នុង កិច្ចពិភាក្សាការទូត ដែលផ្តោតលើដំណោះ ស្រាយបែបការទូត ចំពោះវិបត្តិដែលបច្ចុប្បន្ន កំពុងតែគម្រាមកំហែង ដល់ប្រទេសអ៊ុយក្រែន និងសន្តិសុខ នៅក្នុងតំបន់អឺរ៉ុប ។
គួរបញ្ជាក់ថា យោងតាមការប៉ាន់ស្មាន រុស្ស៊ីបានប្រមូលផ្តុំកងទ័ពប្រមាណ១០០.០០០នាក់ នៅជិតព្រំដែនភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន បង្កឲ្យមានការភ័យខ្លាចថា រុស្ស៊ីអាចនឹងធ្វើការឈ្លានពាន ប្រទេសជិតខាងខ្លួនថែមទៀត ក្រោយការយកតំបន់គ្រីមាស ដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួន កាលពីក្នុងឆ្នាំ២០១៤ ។
ប៉ុន្តែទន្ទឹមគ្នានេះដែរ ប្រទេសរុស្ស៊ី ក៏មានក្តីព្រួយបារម្ភវិញដែរថា ប្រទេសអ៊ុយក្រែនអាច នឹងចូលរួមជាមួយអង្គការ សម្ពន្ធមិត្តយោធា ណាតូ ដែលខ្លួននិយាយថា នឹងបង្កការគម្រាម កំហែងសន្តិសុខមួយ ៕ ប្រែសម្រួល៖ប៉ាង កុង