ព្រឹត្តិការណ៍

វីវរហើយ! កូរ៉េខាងជើង​ព្រមាន​ជប៉ុន​ចំៗថា​ ​អាច​នឹង​ឃើញ ការបាញ់​មី​ស៊ី​ល ​ពិតប្រាកដ ​ឆាប់ៗ​នេះ

បណ្តាញ​សារព័ត៌មាន រ​ដ្ឋ​រប​ស់​កូរ៉េ​ខាងជើង​ នៅ​ថ្ងៃ​សៅរ៍​ទី​៣០​ ខែវិច្ឆិកា បាន​រិះគន់​ខ្លាំងៗ​ដល់​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ីន ហ្សូ​អាបេ ដោយ​ហៅ​លោក​ថា ​អ្នកនយោបាយ​ភ្លីភ្លើ ​​និង​ពុតត្បុត​ចំពោះ​ការហៅ​ ការបាញ់​សាកល្បង​ ប្រព័ន្ធ​រ៉ុក្កែត​ធំ​ចុងក្រោយ​បំផុត​ របស់​ខ្លួន​នោះ​ថា​ ជា​ការ​ការបាញ់​សាកល្បង​ មី​ស៊ី​ល​ផ្លោង និង​បាន​ព្រមាន​ថា ​លោក​អាច​នឹង​ឃើញ​​មី​ស៊ី​ល​ពិត នៅពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។​

កូរ៉េ​ខាងជើង ​បាន​បាញ់​គ្រាប់ផ្លោង ​ចម្ងាយ​ខ្លី​ចំនួន​២​គ្រាប់ ​ចូល​សមុទ្រ​ នៅ​ឯនាយ​ឆ្នេរសមុទ្រ​ខាងកើត​របស់ខ្លួន​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ នៅក្នុង​ការបាញ់​សាកល្បង​លើក​ទី ៤ នៃ​ការបាញ់​សាកល្បង​ ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ចម្រុះ ​ទំហំ​ធំ​និង​ថ្មី​របស់​ខ្លួន ដោយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន បានបង្ហាញ​ការពេញចិត្ត​យ៉ាងខ្លាំង ចំពោះ​ការបាញ់​សាកល្បង​ចុងក្រោយ​បំផុត​នេះ​។​

បន្ទាប់​ពី​ការបាញ់​សាកល្បង​ របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ មក​នោះ លោក ស៊ីន ហ្សូ​អាបេ ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​នោះ​ គឺជា​ការ​​គំរាមកំហែង​ ដល់​ប្រទេស​ជប៉ុន​ និង​សហគមន៍​អន្តរជាតិ​ ហើយ​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ នឹង​តាមដាន​ស្ថានការណ៍​នោះ​ ជាមួយនឹង​ប្រទេស​ជា​ដៃគូ​របស់​ខ្លួន​។

ដោយ​ដកស្រង់​សំដី ​របស់​អគ្គនាយករ​ង ​នៃ​នាយកដ្ឋាន ​កិច្ចការ​ជប៉ុន​របស់​ក្រសួងការបរទេស ​កូរ៉េខាងជើង​នោះ សារព័ត៌មាន KCNA ​របស់​កូរ៉េ​ខាងជើង​ បាន​និយាយថា ​”​វា​អាច​​និយាយបាន​ថា លោក ស៊ីន ហ្សូ​អាបេ ​គឺជា​មនុស្ស​ល្ងីល្ងើ ​តែ​ម្នាក់​ នៅ​ពិភពលោក​ និង​ជា​មនុស្ស​ភ្លើ​បំផុត ​ដែល​មិន​ធ្លាប់​មាន​ នៅក្នុង​ប្រវត្តិសាស្ត្រ ព្រោះ​លោក​មិន​អាច​បែងចែក​​បាន​ រវាង​មី​ស៊ី​ល​ និង​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត នៅពេល​បានឃើញ​របាយការណ៍​ ដែល​ភ្ជាប់​មក​ជាមួយ​រូបថត​នោះ ។

សេចក្តីសម្រេច ​របស់​ក្រុមប្រឹក្សាសន្តិសុខ ​អង្គការសហប្រជាជាតិ​ ហាមឃាត់​កូរ៉េខាងជើង​ ពី​ការបាញ់​សាកល្បង​ មី​ស៊ី​ល​ផ្លោង ​និង​ការប្រើប្រាស់​បច្ចេកវិទ្យា​បែបនេះ ​ប៉ុន្តែ​កូរ៉េ​ខាង​​ជើង ​បដិសេធ​ការ​ដាក់​កម្រិត​នេះ ដោយ​ថា​ជា​ការរំលោភ លើ​សិទ្ធិ​ការពារ​ខ្លួន​របស់​ខ្លួន​៕

ប្រភព៖Sabay

Most Popular

To Top