បើយោងតាមអ្នកជំនាញបានបង្ហាញថា សុខភាពរបស់មនុស្សម្នាក់ៗល្អ ឬអាក្រក់ គឺអាស្រ័យទៅលើការធ្វើលំហាត់ប្រាណ និងការទទួលទានអាហារ មានផាសុខភាពប្រចាំថ្ងៃ។ ក៏ប៉ុន្តែក្រៅពីវិធីពីរយ៉ាងនេះ នៅមានទម្លាប់នាពេលព្រឹកព្រលឹម ៤យ៉ាងទៀត ក៏អាចជួយសម្អាតសរីរង្គថ្លើម និងរក្សារាងកាយឲ្យ មានសុខភាពល្អផងដែរ។
ទទួលទានទឹកក្តៅឧណ្ឌៗ
នៅពេលដែលអ្នកទទួលទានទឹកក្តៅឧណ្ឌៗ នៅពេលព្រឹកវាអាចជួយសម្អាត កាកសំណល់ពុលចេញពីរាងកាយ និងការពារបញ្ហាទល់លាមក។ លើសពីនេះទៅទៀត វាក៏អាចជួយលើកកម្ពស់ ដល់ចរាចរឈាម ទប់ស្តាត់ជំងឺសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល។ តែសូមកុំទទួលទានទឹកកក ព្រោះវាអាចធ្វើឲ្យរលាកថ្លើម និងប៉ះពាល់សរីរាង្គផ្សេងៗទៀត។
បត់ជើងធំ
អ្នកវិទ្យាសាស្ត្របានរកឃើញថា ការប្រញាប់បត់ជើងតូច ឬបត់ជើងធំនៅពេលព្រឹក គឺជាពេលវេលាដ៏ល្អបំផុត ក្នុងការបញ្ចេញកាកសំណល់ ពុលចេញបីរាងកាយ។ បើអ្នកទុកកាកសំណល់ទាំងនេះ នៅក្នុងខ្លួនយូរពេក ជាតិពុលកើនឡើងកាន់តែច្រើន ហើយបង្កគ្រោះថ្នាក់ដល់ថ្លើម។
សូមចាំថា នៅពេលដែលរាងកាយបាន សម្អាតជាតិពុលចេញហើយ វានឹងចាប់ផ្តើមប្រតិបត្តិការថ្មីបានល្អប្រសើរ។
ញ៉ាំអាហារពេលព្រឹក
មនុស្សមួយចំនួនយល់ថា អាហារពេលព្រឹកមិនសំខាន់នោះទេ ហេតុនេះពួកគេមិនទទួលទានក៏បានដែរ។ ប៉ុន្តែការយល់ឃើញបែបនេះខុសហើយ ការទទួលទានអាហារពេលព្រឹក ជាវិធីថែរក្សាសុខភាពដ៏សំខាន់បំផុត ព្រោះរាងកាយរបស់យើង ត្រូវការថាមពលសម្រាប់ថ្ងៃថ្មី។ ការញ៉ាំអាហារពេលព្រឹក អាចជួយបន្សាបជាតិអាស៊ីតនៅក្នុងក្រពះ និងការពារថ្លើម ឲ្យមានសុខភាពល្អ។
ផ្ទុយទៅវិញប្រសិនបើអ្នក ទម្លាប់មិនញ៉ាំហារពេលព្រឹក នឹងបណ្តោលឲ្យខ្វះអាហារូបត្ថម្ភ មានភាពស្លេកស្លាំង និងប្រព័ន្ធភាពស៊ាំចុះទន់ខ្សោយ។ អាហារពេលព្រឹកសាមញ្ញ អ្នកអាចញ៉ាំជាមួយផ្លែឈើ គ្រាប់ធញ្ញជាតិ ម្សៅទឹកដោះគោ ឬផលិតផលទឹកដោះគោ… ដើម្បីទទួលបានវីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់សម្រាប់រាងកាយ
សម្អាតធ្មេញឲ្យបានត្រឹមត្រូវ
រឿងសំខាន់បំផុត ដែលគ្រប់គ្នាត្រូវតែធ្វើឲ្យបាន គឺដុសធ្មេញឲ្យបានត្រឹមត្រូវ ទោះបីជាអ្នកបានសម្អាតពី ពេលយប់រួចម្តងហើយក៏ដោយ។ ដោយសារតែពេលក្រោយពីគេង បាក់តេរីនៅក្នុងមាត់នឹងលូតលាស់ម្តងទៀត ដែលធ្វើឲ្យខ្យល់ដង្ហើមធំក្លិនមិនល្អ។
ជាទូទៅមនុស្សជាច្រើនតែងតែ មានទម្លាប់ដុសធ្មេញភ្លាមៗ បន្ទាប់ពីក្រោកពីគេង ប៉ុន្តែអ្នកជំនាញបានណែនាំថា អ្នកគួរតែដុសធ្មេញ បន្ទាប់ពីញ៉ាំអាហារពេលព្រឹកប្រហែលជា ២០នាទី។ ធ្វើបែបនេះទើបអាចពារធ្មេញ និងសម្លាប់បាក់តេរីដែល បង្កគ្រោះថ្នាក់ដល់មាត់ធ្មេញ។