កីឡា

Ole ថា មិន​ខ្វល់​ពី​ចំណាត់​ថ្នាក់ ទោះបី Man Utd គម្លាត​៦​ពិន្ទុ​ពី​តំបន់​កាត់​ចោល

អ្នក​ចាត់​ការ Ole Gunnar Solskjaer បាន​និយាយ​ថា លោក​មិន​​គិត​​ពី​​តារាង​ចំណាត់​ថ្នាក់​ឡើយ ទោះបី​ Manchester United កំពុង​ឈរ​គម្លាត​ពី​តំបន់​ត្រូវ​គេ​កាត់​ចោល​ត្រឹម​​៦​ពិន្ទុ​ក្ដី។

កាល​ពី​យប់​មិញ Man Utd ប្រកួត​ស្មើ​គ្នា ២-២ ជាមួយ Aston Villa។ បន្ទាប់​ពី​ខាត​ពិន្ទុ​នៅ​សប្ដាហ៍​នេះ​​ឈរ​នៅ​លេខ​៩​នៅ​តារាង​ពិន្ទុ បិសាច​ក្រម​​​គម្លាត​ពី​ក្រុម​តំបន់​គេ​កាត់​ចោល​តែ​ប៉ុន្មាន​ពិន្ទុ​ប៉ុណ្ណោះ។ និយាយ​ពី​​ការ​ប្រជែង​នៅ​តំបន់ Champions League ក្លឹប United ស្ថិត​ក្រោម​ក្រុម​លេខ​៤ Chelsea​ ៨​ពិន្ទុ ប៉ុន្តែ Ole លើក​ឡើង​ថា នេះ​មិនមែន​ជា​បញ្ហា​ធំ​ទេ។

​Solskjaer និយាយ​នៅ​សន្និសីទកាសែត​ក្រោយ​កាល​ពី​យប់​មិញ​ថា ប្រសិន​បើ​ក្រុម​លោក​រក​​បាន​​តែ​មួយ​គ្រាប់​ទៀត ម្ល៉េះ​​ពេល​នេះ​​ត្រូវ​ឈរ​លេខ​៥។ ដូច្នេះ​ចំណាត់​ថ្នាក់​លីគ​មិនមែន​ជា​រឿង​ធំ​ត្រូវ​បារម្ភ​ទេ។ អ្វី​ដែល​សំខាន់​គឺ​ការ​លេង​និង​លទ្ធផល។

Man Utd ត្រូវ​មាន​ការងារ​ធ្ងន់​​នៅ​ប្រកួត​បន្ត ពោល​ត្រូវ​ជួប Spurs នៅ​ថ្ងៃ​ពុធ​នេះ ហើយ​នៅ​ថ្ងៃ​សៅរ៍​ប៉ះ Manchester City ទៀត។ ដូចនេះ Ole បញ្ជាក់​ថា កូន​ក្រុម​ទាំង​អស់​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​គ្រប់​ការ​ប្រកួត។ នេះ​គឺ​ជា​ការ​ចាប់ផ្ដើម​រដូវ​កាល​ដ៏​អាក្រក់​បំផុត​​សម្រាប់ Man Utd ជាង​៣០​ឆ្នាំ​មក​នេះ ក្រោម​ការ​ដឹង​នាំ​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​ន័រវែស៕ ​​​ប្រភព៖Sabay

Most Popular

To Top