ម៉ានីល៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយក្រោម ២២ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U22 មីយ៉ាន់ម៉ា ដែលជាប្រកួតទី៣ ក្នុងពូល A នាវេលាម៉ោង ៧យប់នេះ(ម៉ោងនៅកម្ពុជា) ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ។
គេចាំបានថា កាលពី ២៨៦ថ្ងៃមុន ពោលគឺនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុម U22 កម្ពុជា និងក្រុម U22 មីយ៉ាន់ម៉ា ធ្លាប់បានជួបគ្នាម្ដងរួចមកហើយ ក្នុងពានរង្វាន់ AFF U22 Championship 2019 នៅកម្ពុជា ខណៈលទ្ធផលពេលនេះ ម្ចាស់ផ្ទះកម្ពុជា បានលត់ក្រុម U22 មីយ៉ាន់ម៉ា ដោយលទ្ធផល ២-០ ។ ហេតុនេះ ចាំមើលយប់នេះ គោព្រៃកម្ពុជា នឹងបន្ដធ្វើបានល្អទៀតឬក៏យ៉ាងណា?
សម្រាប់ប្រកួតទី៣ របស់ក្រុម U22 កម្ពុជានេះ ពិតជាសំខាន់ ហើយក៏ត្រូវការឈ្នះផងដែរ ដើម្បីក្ដោបក្ដាប់ឱកាសប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពោលបើកម្ពុជាឈ្នះការប្រកួតនេះ កម្ពុជានឹងទទួលបានកៅអីវគ្គបន្ដដោយស្វ័យប្រវត្តិតែម្ដង តែបើស្មើ ឬចាញ់ ក៏មិនទាន់អស់ឱកាសដែរ ព្រោះកម្ពុជា នៅសល់ ១ប្រកួតក្នុងដៃទៀត ដោយត្រូវជួបក្រុម U22 ម៉ាឡេស៊ី នាថ្ងៃទី០៤-ធ្នូ ។
ចំណែកក្រុម U22 មីយ៉ាន់ម៉ាវិញ រឹតតែត្រូវការជ័យជម្នះថែមទៀត ព្រោះនេះជាប្រកួតចុងក្រោយពូលរបស់ពួកគេ ដែលទាមទារឲ្យពួកគេត្រូវការ ៣ពិន្ទុដាច់ខាត ដើម្បីធានាកៅអីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ បច្ចុប្បន្នមីយ៉ាន់ម៉ា កំពុងឈរកំពូលតារាង ដោយមាន ៧ពិន្ទុ ជាមួយលទ្ធផល ៣ប្រកួតឈ្នះ២ និងស្មើ ១ តាមពីក្រោយដោយក្រុម U22 កម្ពុជា ដែលមាន ៤ពិន្ទុក្នុងដៃ តែទើបឆ្លងកាត់ ២ប្រកួតឈ្នះ១ និងស្មើ ១ ។
គួរបញ្ជាក់ថា បើសិន U22 កម្ពុជាអាចឆ្លងផុតពូលឆ្នាំនេះ មានន័យថា ជាប្រវត្តិសាស្ដ្រលើកដំបូងក្នុងរយៈពេល ៦០ឆ្នាំ ដែលក្រុមបាល់ទាត់កម្ពុជាអាចឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងការប្រកួតកីឡាស៊ីហ្គេម ហើយក៏សម្រេចបំណងរបស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងអ្នកគាំទ្រកម្ពុជា ដែលទន្ទឹងចង់បានផងដែរ ។ ចំពោះការប្រកួតរវាងកម្ពុជា និងមីយ៉ាន់ម៉ាយប់នេះ ក៏នឹងមានផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាសផងដែរ ៕