កីឡា

ការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ឆ្នាំ២០២២ ប្រព្រឹត្តឡើង រហូតដល់៥មណ្ឌល នៅទូទាំងប្រទេសកម្ពុជា

ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ប្រចាំឆ្នាំ២០២២ ជាការប្រកួតវិលជុំធំបំផុត នៅប្រទេសកម្ពុជា បានចាប់ផ្តើមបើកការប្រកួត នៅទីលានបាល់ទាត់ របស់អង្គការផ្កាយសមុទ្រកម្ពុជា នៅមណ្ឌលភ្នំពេញជាផ្លូវការហើយ នាថ្ងៃអាទិត្យ ទី៦ ខែកុម្ភៈ ឆ្នាំ២០២២ រៀបចំឡើង ដោយអង្គការផ្កាយសមុទ្រកម្ពុជា (ISF) តាមរយៈកិច្ចសហការ ជាមួយនឹងក្រុមហ៊ុន AIA Cambodia ។

លោកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រកម្ពុជាថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ប្រចាំឆ្នាំ២០២២នេះ នឹងផ្តល់ឱកាសដល់កុមារ និងយុវជនជិត ២,០០០នាក់ នៅទូទាំងប្រទេស ឲ្យមកចូលរួមប្រកួតប្រជែងគ្នា មកពីបណ្តាលរាជធានី-ខេត្តធំៗចំនួន ៥ រួមមាន រាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពត និង កំពង់ស្ពឺ នឹងត្រូវមកចូលរួមប្រកួតប្រជែង យកពានរង្វាន់នៅវគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២ខាងមុខ ។

ការប្រកួតនៅភ្នំពេញកីឡាករ-កីឡាការិនីចំនួន៤៥០នាក់ មកពី៣០ក្រុម រួមមានកុមារីអាយុក្រោម ១៤ឆ្នាំមាន៨ក្រុម កុមារាអាយុក្រោម១៤ឆ្នាំមាន៨ក្រុម កុមារាអាយុក្រោម ១០ឆ្នាំមាន១ក្រុម និងកុមារីអាយុក្រោម ១៨ឆ្នាំមាន៤ក្រុម។

លោកស្រីបន្តថា ក្រុមឈ្នះក្នុងការប្រកួតនីមួយៗ នៅតាមខេត្តផ្សេងៗ នឹងត្រូវមកចូលរួមប្រកួតប្រជែង យកពានរង្វាន់នៅ វគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា ។
ព្រឹត្តិការណ៍បាល់ទាត់នេះ នឹងប្រមូលផ្តុំកីឡាករ៣០០នាក់ នៅទូទាំងប្រទេស ឲ្យមកជួបជុំគ្នា ដើម្បីប្រកួតក្នុងវគ្គផ្តាច់ ព្រ័ត្រនៃការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF ប្រចាំឆ្នាំ២០២២ ។

លោក Andrew Loh នាយកប្រតិបត្តិក្រុមហ៊ុន AIA Cambodia បានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF គឺជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ថ្នាក់មូលដ្ឋានធំជាងគេបង្អស់មួយ នៅប្រទេសកម្ពុជាបានផ្តល់ឱកាស លេងបាល់ទាត់ដល់កុមារ និងយុវជន កម្ពុជាក្រីក្រជាច្រើន ។ ព្រឹត្តិការណ៍បាល់ទាត់នេះ អង្គការ ផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia ក៏នឹងស្វាគមន៍ដល់វត្តមានរបស់កីឡាករ នៃគម្រោងបាល់ទាត់ សម្រាប់ជនពិការរបស់អង្គការ ដោយបានផ្តល់ឱកាសដល់កុមារ និងយុវជនពិការ ទៀតផង ។

លោកបានបន្តថា ការប្រកួតនេះជួយបង្កើនលទ្ធភាព ក្នុងការចូលរួមសម្រាប់កីឡាករ-កីឡាការិនី អង្គការផ្កាយសមុទ្រកម្ពុជា និង ក្រុមហ៊ុន AIA Cambodia មានក្តីសោមនស្សក្នុងការ ប្រកាសជាព័ត៌មានថា ការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF ប្រចាំឆ្នាំ២០២២ នឹងត្រូវបែងចែកជា៥ប្រកួត នឹងផ្តល់ឱកាសដល់កុមារ និងយុវជនជិត ២,០០០នាក់ នៅទូទាំងប្រទេស ឲ្យមកចូលរួមប្រកួតប្រជែងគ្នា ។

ចាប់តាំងពីការកកើតឡើង នៃកិច្ចសហការមួយ នេះអង្គការផ្កាយសមុទ្រកម្ពុជា បានរីកចម្រើនទៅមុខ ដោយបានពង្រីកវិសាលភាព នៃកម្មវិធីរបស់ខ្លួន ទៅកាន់កុមារកាន់តែច្រើន នៅទូទាំងប្រទេសកម្ពុជា ។ តាមរយៈកម្មវិធីសិក្សា “សារសង្គម” អនុវត្តក្នុងកម្មវិធីបាល់ទាត់ អង្គការផ្កាយសមុទ្រកម្ពុជា កំពុងតែផ្តល់ឳកាស ស្មើៗគ្នាដល់យុវជនក្រីក្រ នៅទូទាំងប្រទេស ដោយជួយពួកគេ ក្នុងការពង្រឹងជំនាញបំណិនជីវិត ក៏ដូចជានាំយកភាពសប្បាយ រីករាយដល់ពួកគេផងដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top