ខេត្តកណ្តាល ៖គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ គណៈកម្មការប្រកួតរកឃើញក្រុមជើងខ្លាំងទំាង៤ក្រុមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹតិ្តការណ៍ការប្រកួតកីឡាបាល់ទាត់អាយុក្រោម ១៥ ឆ្នាំ ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២២រៀបចំមន្ទីអប់រំយុវជន និងកីឡាខេត្តកណ្តាដើម្បីចម្រាញ់រកកីឡាករមានសមត្ថភាពតំណាងឲ្យខេត្តកណ្តាលទៅចូលរួមការប្រកួតកីឡាបាល់ទាត់អាយុក្រោម ១៥ ឆ្នាំ ។
ក្រោយពីឆ្លងការប្រកួតវគ្គជម្រុះអស់រយៈពេល២ថ្ងៃកន្លងមក រកឃើញក្រុមជើងខ្លាំង៤ក្រុម គឺក្រុមបាល់ទាត់សាលាតម្រង់ទិសអាយុក្រោម ១៥ ឆ្នាំ ក្រុមបាល់ទាត់វិទ្យាល័យ ជ័យវរន្ម័ទី៧ ក្រុមបាល់ទាត់យុវជនស្ម័គ្រចិត្តស្រុកកណ្តាលស្ទឹង និងក្រុមបាល់ទាត់កសិដ្ឋានអមរៈ ដូច្នេះទំាង៤ក្រុមប៉ះគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
សម្រាប់ការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួមមានក្រុមបាល់ទាត់សាលាតម្រង់ទិសអាយុក្រោម ១៥ ឆ្នាំប៉ះជាមួយក្រុមបាល់ទាត់វិទ្យាល័យ ជ័យវរន្ម័ទី៧ ចំណែកក្រុមបាល់ទាត់យុវជនស្ម័គ្រចិត្តស្រុកកណ្តាលស្ទឹង ប៉ះក្រុមបាល់ទាត់កសិដ្ឋានអមរៈដែលប្រព្រឹត្តឡើងនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នៅកីឡដ្ឋានខេត្តកណ្តាល។
លោក ពៅ វណ្ណា ប្រធានការិយាល័យខេត្តកណ្តាល មានប្រសាសន៍ថា ការប្រកួតជ្រើសជើងឯកថ្នាក់ខេត្តនេះ ដោយមាន ការចង្អុល បង្ហាញពីលោក អភិបាលខេត្ត ដើម្បីធ្វើការជ្រើសរើស កីឡាករជើងខ្លាំង ទៅចូលរួមប្រកួតថ្នាក់ជាតិ នឹងឈានទៅដណ្តើមជ័យជំនះជូនខេត្ត ។ ការប្រកួតពានថ្នាក់ខេត្ត ឆ្នាំនេះមានការធ្លាក់ចុះ នូវក្រុមចូលរួមមួយចំនួន បើធៀបដោយសារ តែបញ្ហាមេរោគCOVID-19 ។ តែយ៉ាងណា លោកនៅតែជឿជាក់ថា នឹងជ្រើសបានកីឡាករល្អ ចេញពីការប្រកួតថ្នាក់ខេត្តនេះ ។
ការប្រកួតកីឡាបាល់ទាត់អាយុក្រោម ១៥ ឆ្នាំជ្រើសរើសជើងឯកថ្នាក់ខេត្តកណ្តាលមានក្រុមចូលរួមចំនួន៩ក្រុមរួមមានក្រុមបាល់ទាត់កសិដ្ឋានអមរៈ ក្រុមបាល់ទាត់ស្អាងយើងស្អាត ក្រុមបាល់ទាត់សាលាតម្រង់ទិសអាយុក្រោម ១៥ ឆ្នាំ ក្រុមបាល់ទាត់ ក្រុមបាល់ទាត់រដ្ឋបាល ឃុំកំពង់ស្វាយ ក្រុមបាល់ទាត់វិទ្យាល័យ ជ័យវរន្ម័ទី៧ ក្រុមបាល់ទាត់ស្តេច គ្រុឌ ក្រុមបាល់ទាត់យុវជន ភូមិស្ទឹងជ្រៅ ក្រុមបាល់ទាត់យុវជនស្ម័គ្រចិត្តស្រុកកណ្តាលស្ទឹង និងក្រុមបាល់ទាត់ហនុមានស្វាយរលំ៕ដោយ៖លី ភីលីព