ព័ត៌មានអន្តរជាតិ

ឥណ្ឌា និងនេប៉ាល់ រួមគ្នាបង្កើត ទំបន់វារីអគ្គីសនីខ្នាតយក្ស នៅក្នុងទឹកដីនេប៉ាល់

កាម្ម៉ង់ដូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងថាមពល ធនធានទឹក និងធារាសាស្រ្តរបស់ប្រទេសនេប៉ាល់ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសនេប៉ាល់ និងឥណ្ឌា បានព្រមព្រៀងគ្នា ក្នុងការអភិវឌ្ឍន៍ គម្រោងវារីអគ្គីសនីខ្នាតធំៗ នៅក្នុងប្រទេសនេប៉ាល់ តាមរយៈការវិនិយោគទុនរួមគ្នា។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងអំឡុងពេលកិច្ចប្រជុំ គណៈកម្មាធិការដឹកនាំរួម កម្រិតលេខាធិការ ភាគីទាំង២បានយល់ព្រម បង្កើតក្រុមបច្ចេកទេសរួមគ្នាមួយ ដើម្បីធ្វើការលើផែនការ ។

លោក Chiranjeevi Chataut លេខាធិការរួមនៅក្រសួង បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួ ថា “យើងនៅតែស្ថិតក្នុងដំណាក់កាលដំបូង នៃការពិភាក្សាលើការអភិវឌ្ឍន៍ គម្រោងវារីអគ្គិសនីធំៗ តាមរយៈការវិនិយោគរួមគ្នា” ។

លេខាធិការរូបនេះបានលើឡើងថា គ្មានគម្រោងណាមួយ ត្រូវបានគេកំណត់អត្តសញ្ញាណ សម្រាប់ការវិនិយោគរួមគ្នានោះទេ ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនឥណ្ឌាបានចូលរួម នៅក្នុងគម្រោងវារីអគ្គិសនីធំៗមួយចំនួន ក្នុងប្រទេសនេប៉ាល់ រួមទាំងគម្រោងវារីអគ្គិសនី Arun-III កម្លាំង៩០០មេហ្គាវ៉ាត់ នៅភាគខាងកើតនេប៉ាល់ និងគម្រោងវារីអគ្គីសនី Upper Karnali កម្លាំង៩០០មេហ្គាវ៉ាត់ នៅភាគខាងលិចនេប៉ាល់ ។

យោងតាមក្រសួងខាងលើ ភាគីទាំង២ ក៏បានព្រមព្រៀងគ្នាថា អាជ្ញាធរអគ្គិសនីនេប៉ាល់ និងសាជីវកម្មបណ្តាញអគ្គិសនី នៃប្រទេសឥណ្ឌា នឹងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា នៅក្នុងខែមេសា ដើម្បីសាងសង់ខ្សែបញ្ជូនថ្មី Butwal-Gorakhpur ដែលមានកម្លាំង ៤០០គីឡូវ៉ុល លើភាគីឥណ្ឌា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top