កីឡា

ការប្រកួតកីឡា គុនល្បុក្កតោជើងឯកត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅឆ្នាំ២០២៣ កម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតកីឡា SEA GAMES លើកទី៣២ 

ភ្នំពេញ៖នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា និងអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោតំណាងលោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានអញ្ជើញចូលរួមពិធីការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅសាលដំបូលទូក នៃសកលវិទ្យាភូមិន្ទភ្នំពេញដែលប្រព្រឹត្តិចាប់ពីថ្ងៃទី២២ ដល់ ២៧ ខែកុម្ភៈ ឆ្នាំ២០២២។

លោក អ៊ូ តារា អគ្គេលេខាធិការរងនៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបាននិយាយថា ដោយមានការយពន្យាពេលការប្រកួតកាលពីឆ្នាំ២០២១ដោយវិបត្តិCOVID-19 នៅឆ្នាំ២០២២ នេះសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងរៀបចំការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅថ្ងៃទី២៥ ដល់ ២៧ ខែកុម្ភៈ ឆ្នាំ២០២២នៅសាលដំបូលទូក នៃសកលវិទ្យាភូមិន្ទភ្នំពេញ។ ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នេះ មានការចូលរួមពី២៧សាលាគុន ដែលមានកីឡាករ កីឡាការិនី គ្រូបង្វឹក សរុបប្រមាណ ២០០នាក់ គណៈកម្មការរៀបចំការប្រកួត ៤៤ នាក់ និងក្រុមការងារស្ម័គ្រចិត្ត ២០នាក់ អ្នកប្រកួតលើ២១ប្រភេទវិញ្ញសារ ក្នុងនោះមានវិញ្ញាសារសម្តែងទៅទម្រង់មេគុន១២ ប្រភេទវិញ្ញសា បុរស នារី និងវិញ្ញាសារប្រយុទ្ធមាន ៩ប្រភេទទម្ងន់បុរស នារី។

លោកអគ្គលេខាធិការរងបន្តថា ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១នេះ អាចដំណើរការទៅបានដោយសារការឧបត្ថម្ភគាំទ្រជាគោលការណ៍ពីក្រសួងអប់រំយុវជន និងកីឡា ដើម្បីជំរុញការអភិវឌ្ឍន៍កីឡាគុនល្បុក្កតោ ក្នុងនោះក៏មានការចូលរួមពីក្រុមហ៊ុនជាដៃគូអភិវឌ្ឍន៍កីឡាប្រពៃណីនេះផងដែរ គឺក្រុមហ៊ុន សម្រស់ធម្មជាតិ ដែលក្រុមហ៊ុនបាន បំពេញតម្រូវការមួយចំនួនទាំងផ្នែកទីលាន ផ្នែកផ្គត់ផ្គង់ និងអាវយឺតដ៏ស្រស់ស្អាតរបស់កម្មវិធី ដែលសរុបជាទឹកប្រាក់ចំនួណ ១៥,០០០ ដុល្លាសហរដ្ឋអាមេរិក ។

លោក កែវ រ៉េមី បានមានប្រសាសន៍ថា ការប្រកួតនេះត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ក្នុងការរៀបចំការប្រកួតកីឡា SEA GAMES លើកទី៣២ ។ ដោយរាជរដ្ឋាភិបាល សម្រេចធ្វើម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាគឺមានកិច្ចការងារជាច្រើនដែលត្រូវបំពេញក្នុងឋានៈជាម្ចាស់នៃក្បាច់គុន ក្នុងទាំងការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនី គ្រូបង្វឹកអាជ្ញាកណ្តាលចៅក្រមក្នុងស្រុក និងធនធានមនុស្សនៅប្រទេសដែលជាសមាជិកផង ដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់សម្រាប់ការប្រកួតនៃព្រឹត្តិការណ៍ SEA GAMES ២០២៣ ហើយជាពិសេសយើងនឹងមានការបង្ហាញទស្សនីយភាពដ៏ធំរបស់គុនល្បុក្កតោមានអ្នកសម្តែងគុនល្បុក្កតោប្រមាណ ១០០០នាក់នៃព្រឹត្តិការណ៍បើកជាផ្លូវការនៃព្រឹត្តិការណ៍ SEA GAMES ២០២៣ផងដែរ។

លោកបានបន្តថា ដើម្បីសម្រេចកិច្ចការងារដ៏ធំធេងមួយនេះ ដើម្បីមុខមាត់ជាតិ និងជាដឹងគុណដ៏បុព្វបុរស និងរាជរដ្ឋាភិបាល គឺយើងមិនអាចខ្វះបាន ពីការចូលរួម ការតាំងចិត្តបំពេញកិច្ចការងារដោយស្ម័គ្រចិត្តរបស់សមាជិកយើងម្នាក់ៗ ដើម្បីសម្រេចគោលដៅរួមគ្នា ក្នុងការជម្រុញឲ្យគុនល្បុក្កតោកាន់ភាពល្បីល្បាញ ទាំងក្នុងស្រុក និងក្រៅស្រុកឲ្យសាកសមជាអ្នកបន្តវេនដ៍វៃឆ្លាតរបស់បុព្វបុរសខ្មែរយើង៕

Most Popular

To Top